ព័ត៌មានអន្តរជាតិ

Update៖ អង្គការ NATO ព្រួយបារម្ភខ្លាចរុស្ស៊ី ទទួលបានការគាំទ្រ គ្រាប់មីស៊ីល និងអាវុធនុយក្លេអ៊ែរ ពីកូរ៉េខាងជើង

Xinhua

វ៉ាស៊ីនតោន៖ ប្រមុខសម្ព័ន្ធមិត្តបានលើកឡើងកាលពីថ្ងៃអង្គារថា អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ថា (NATO) មានការព្រួយបារម្ភអំពីការគាំទ្រ ដែលរុស្ស៊ី អាចផ្តល់សម្រាប់កម្មវិធីមីស៊ីល និងនុយក្លេអ៊ែររបស់កូរ៉េខាងជើង ខណៈប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានទៅដល់ប្រទេសនេះ ដែលមានអាវុធ នុយក្លេអ៊ែរផ្តាច់មុខ ដែលនេះជាលើកដំបូងហើយ នៅក្នុងរយៈពេល២៤ឆ្នាំមកនេះ ។

លោក ពូទីន បានប្តេជ្ញាកាលពីថ្ងៃអង្គារថា នឹងធ្វើឱ្យ ទំនាក់ទំនងពាណិជ្ជកម្ម និងសន្តិសុខកាន់តែស៊ីជម្រៅ ជាមួយនឹងប្រទេស កូរ៉េខាងជើង និងគាំទ្រប្រទេសនេះប្រឆាំង នឹងសហរដ្ឋអាមេរិក ។

នៅក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់លោកគឺបានធ្វើឡើង ស្របពេលមានការចោទ ប្រកាន់របស់សហរដ្ឋអាមេរិកថា កូរ៉េខាងជើង បានផ្គត់ផ្គង់ “មីស៊ីលផ្លោងរាប់សិបគ្រាប់ និងគ្រាប់មីនជាង១១.០០០កុងតឺន័រដល់ប្រទេសរុស្ស៊ី” សម្រាប់ប្រើប្រាស់ក្នុងប្រទេសអ៊ុយក្រែន ។

លោក Jens Stoltenberg អគ្គលេខាធិការអង្គការ NATO បានប្រាប់ដល់សន្និសីទ សារព័ត៌មានរួមគ្នាមួយ បន្ទាប់ពីជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ថា សង្រ្គាមរុស្ស៊ី នៅអ៊ុយក្រែន កំពុងត្រូវបានជំរុញដោយប្រទេសចិន កូរ៉េខាងជើង និងអ៊ីរ៉ង់ ដែលសុទ្ធតែចង់ឃើញសម្ព័ន្ធភាពលោកខាងលិចបរាជ័យ ។

លោក Stoltenberg បានថ្លែងថា “យើងពិតជាមានការព្រួយបារម្ភផងដែរ អំពីការគាំទ្រដ៏មានសក្តានុពល ដែលរុស្ស៊ីផ្តល់ដល់ប្រទេសកូរ៉េខាងជើង នៅគ្រាដែលបានលើកឡើង អំពីការគាំទ្រកម្មវិធីមីស៊ីល និងនុយក្លេអ៊ែរ របស់ពួកគេនោះ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top