ភ្នំពេញ៖ ក្នុងដំណេីរបំពេញទស្សនកិច្ច លេីកទី១ នៅកម្ពុជា លោក សាយអា ម៉ាអ៊ូ ព្យូកាឡា (Saia Mau Piukala) នាយកអង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច បានជម្រាបជូនសម្តេចធិបតី ហ៊ុន ម៉ាណែត ថា អង្គការសុខភាពពិភពលោក បានត្រៀមខ្លួនរួចជាស្រេច ក្នុងការចែករំលែកនូវបច្ចេកទេស ជំនាញ និងកិច្ចសហប្រតិបត្តិការ ជាមួយរាជរដ្ឋាភិបាលកម្ពុជា សំដៅធ្វើយ៉ាងណា ឱ្យវិស័យសុខាភិបាលរបស់កម្ពុជា កាន់តែរីកចម្រើន ។
ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចធិបតី នាវិមានសន្តិភាព នាថ្ងៃទី២០មិថុនា នេះ លោក សាយអា ម៉ាអ៊ូ ព្យូកាឡា បានកោតសរសើរចំពោះសមិទ្ធផលសំខាន់ៗ ក្នុងការកែលម្អវិស័យសុខាភិបាលនៅកម្ពុជា ដោយជាក់ស្តែងលោកបានចុះទៅបំពេញទស្សនកិច្ច នៅមន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យបង្អែកចតុមុខ ដែលលោកបានឃើញអំពីភាពរីកចម្រើន គួរឱ្យកត់សម្គាល់ ក្នុងវិស័យសុខាភិបាលនៅកម្ពុជា។
បន្ថែមលើនេះ លោក សាយអា ម៉ាអ៊ូ ព្យូកាឡា ក៏បានជម្រាបជូនសម្តេចធិបតីផងដែរថា សមិទ្ធផលទាំងអស់នេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែជាការខិតខំប្រឹងប្រែងក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យដ៏វាយឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាច្រើនអាណត្តិ ក៏ដូចជានៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា អង្គការសុខភាពពិភពលោក បានត្រៀមខ្លួនរួចជាស្រេច ក្នុងការចែករំលែកនូវបច្ចេកទេស ជំនាញ និងកិច្ចសហប្រតិបត្តិការ ជាមួយរាជរដ្ឋាភិបាលកម្ពុជា សំដៅធ្វើយ៉ាងណា ឱ្យវិស័យសុខាភិបាលរបស់កម្ពុជា កាន់តែរីកចម្រើន ជាពិសេសការទប់ស្កាត់នឹងជំងឺឆ្លង ដែលអាចកើតមានឡើងជាយថាហេតុនាពេលអនាគត។
ក្នុងទិដ្ឋភាពនៃវិស័យសុខាភិបាលក្នុងតំបន់ លោក សាយអា ម៉ាអ៊ូ ព្យូកាឡា បានបញ្ជាក់ថា ការចូលរួមគ្នាជាធ្លុងមួយរបស់ថ្នាក់ដឹកនាំក្នុងតំបន់ នឹងជួយទប់ស្កាត់ស្ថានភាពជំងឺ ដែលអាចកើតមានឡើង ជាពិសេសប្រជាពលរដ្ឋចំនួន ១,៩ ប៊ីលាននៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិចនេះ នឹងអាចទទួលបាននូវសេវាសុខាភិបាលមួយ ប្រកបដោយគុណភាព និងតម្លៃសមរម្យ ហើយអង្គការសុខភាពពិភពលោក នឹងចូលរួមសហការគ្នារួមទាំងកម្លាំងកាយ ហិរញ្ញវត្ថុ និងបច្ចេកទេស ដើម្បីធ្វើយ៉ាងណា ឱ្យប្រជាពលរដ្ឋទាំងអស់ ទទួលបាននូវសុខភាពកាន់តែល្អប្រសើរ។
ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះ លោកនាយក សាយអា ម៉ាអ៊ូ ព្យូកាឡា ដែលបានអញ្ជើញមកបំពេញបេសកកម្ម នៅព្រះរាជាណាចក្រកម្ពុជា និងបានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងអង្គការសុខភាពពិភពលោក និងរាជរដ្ឋាភិបាលកម្ពុជា។
សម្តេចធិបតី សង្ឃឹមថាកិច្ចសហប្រតិបត្តិការនេះ នឹងចូលរួមចំណែកក្នុងការកសាង នូវប្រព័ន្ធសុខាភិបាលមួយ នៅកម្ពុជា ប្រកបដោយភាពធន់ ដែននឹងផ្តល់នូវសេវាសុខាភិបាលក្នុងតម្លៃសមរម្យ និងមានគុណភាពខ្ពស់។
បន្ថែមលើនេះ សម្តេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាផ្តល់អាទិភាពខ្ពស់ ដល់ការអភិវឌ្ឍមូលធនមនុស្ស ក្នុងនោះវិស័យសុខាភិបាល ជាអាទិភាពគន្លឹះមួយ ជាពិសេសក្នុងគោលដៅធ្វើយ៉ាងណា ឱ្យប្រជាពលរដ្ឋមានសុខភាពរឹងមាំ ប្រកបដោយបញ្ញាស្មារតី និងទទួលបានការអប់រំល្អប្រសើរ។ សម្តេចធិបតី ក៏បានគូសរំលេចបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាកំពុងតែរៀបចំប្រព័ន្ធសុខាភិបាលឱ្យកាន់តែល្អប្រសើរ តាមរយៈការកែលម្អមន្ទីរពេទ្យថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ មណ្ឌលសុខភាព ក៏ដូចជាការកសាងនូវមន្ទីរពេទ្យតំបន់ ដែលគ្រោងនឹងរៀបចំឱ្យមានលក្ខណៈល្អប្រសើរ ដោយចាប់ផ្តើមសាកល្បងដំណើរការមន្ទីរពេទ្យតំបន់នៅខេត្តសៀមរាប និងខេត្តកំពង់ចាម។
សម្តេចធិបតី ក៏បានសង្កត់ធ្ងន់ផងដែរថា ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ និងកម្មវិធីគោលនយោបាយអាទិភាព រាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់លើការពង្រីកការផ្តល់សេវាសុខាភិបាល ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល (Universal Health Coverage) ដែលផ្តោតលើការពង្រីក ការគ្របដណ្តប់នៃប្រព័ន្ធគាំពារសុខភាពសង្គម និងការពង្រឹងសមត្ថភាពថែទាំបឋម នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក រួមជាមួយការលើកកម្ពស់គុណភាពសេវាថែទាំសុខភាព។ ជាក់ស្តែង រាជរដ្ឋាភិបាលបានប្រកាសដាក់ចេញឱ្យអនុវត្ត «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥»។
មុននឹងបញ្ចប់ សម្តេចធិបតី ក៏បានថ្លែងអំណរគុណសាជាថ្មីចំពោះកិច្ចសហប្រតិបត្តិការដ៏រឹងមាំ និងសកម្មរបស់អង្គការសុខភាពពិភពលោក ជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅគ្រប់កាលៈទេសៈទាំងអស់ រួមទាំងក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នាពេលកន្លងមកនេះ។ សម្តេចធិបតី ក៏បានជូនពរលោក សាយអា ម៉ាអ៊ូ ព្យូកាឡា ឱ្យទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា និងធ្វើមាតុភូមិនិវត្តន៍ ប្រកបដោយសុវត្ថិភាព៕