ភ្នំពេញ ៖ ទូររថភ្លើង Kiha-183 ប្រភេទ DMU (Diesel Multiple Unit) ចំនួន៥គ្រឿងបន្ថែមទៀតទិញពីជប៉ុន ដែលទើបកែសម្រួលប្រព័ន្ធជើងក្រោម និងបច្ចេកទេសរួចរាល់ បានធ្វើតេស្ត បើកបរសាកល្បង ពីរាជធានីភ្នំពេញ-ខេត្តព្រះសីហនុ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ ក្នុងល្បឿនចម្លោះពី ៥០-៨០គីឡូម៉ែត្រ/ម៉ោង តាមបទដ្ឋានដែលបានកំណត់ ប្រកបដោយជោគជ័យ ។ នេះបើតាមការផ្សាយ របស់ក្រសួងសាធារណៈការ ។
ការតេស្តបើកបករសាកល្បងនេះ ធ្វើឡើងបន្ទាប់ពីទូររថភ្លើងដូចគ្នាចំនួន៤គ្រឿងផ្សេងទៀត បានធ្វើតេស្ត បើកបរសាកល្បងដោយជោគជ័យ ទាំងលើផ្លូវភាគខាងត្បូង និងភាគខាងជើងកាលពីពេលថ្មីៗនេះផងដែរ។
ក្រុមការងារបច្ចេកទេស នាយកដ្ឋានផ្លូវដែក នៃក្រសួងសាធារណការ និងក្រុមហ៊ុន Royal Railway Cambodia(RRC) បានយកចិត្តទុកដាក់ ចុះពិនិត្យតាមដាន ដំណើរការធ្វើតេស្តសាកល្បងនេះ បន្ទាប់ពីកែសម្រួលប្រព័ន្ធហ្វ្រាំង និងទទឹងកង់ពី ១០៦៧មីលីម៉ែត្រ (ស្តង់ដារផ្លូវដែកជប៉ុន) មក១០០០មីលីម៉ែត្រ (ស្តង់ដារផ្លូវដែកកម្ពុជា) ។
ជាមួយគ្នានេះ ក្រុមការងារបច្ចេកទេស បានពិនិត្យ និងសិក្សារួមគ្នាលើដំណើរការកង់ ប្រព័ន្ធហ្វ្រាំង ម៉ាស៊ីនត្រជាក់ ច្រកទ្វារសម្រាប់អ្នកដំណើរ ច្រកទ្វារសុវត្ថិភាព សម្ភារបរិក្ខា និង ការងារផ្សេងៗទៀត ដើម្បីប្រាកថាមានសុវត្ថិភាពខ្ពស់សម្រាប់ដឹកជញ្ជូនអ្នកដំណើរ មុននឹងសម្រេចដាក់ឲ្យដំណើរ ការជាផ្លូវការនាពេលឆាប់ៗដ៏ខ្លីខាងមុខ ។
គួរបញ្ជាក់ថា ពេលដាក់ដំណើរការជាផ្លូវការ Kiha-183 នឹងត្រូវដាក់ឲ្យរត់ ដោយបែកចែកជា២ ៖
១-ផ្លូវរថភ្លើងភាគខាងត្បូង រាជធានីភ្នំពេញ-ខេត្តព្រះសីហនុ អាចរបើកបរបានល្បឿន អតិបរមា ៨០គីឡូម៉ែត្រ/ម៉ោង
២- ផ្លូវរថភ្លើងភាគខាងជើង រាជធានីភ្នំពេញ-ក្រុងប៉ោយប៉ែត អាចរបើកបរបានល្បឿន ចន្លោះពី ៣០-៥០គីឡូម៉ែត្រ/ម៉ោង៕