ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួបទូតកូរ៉េ ដើម្បីពិនិត្យលទ្ធភាព បង្កើតតំបន់សេដ្ឋកិច្ច ពិសេសកម្ពុជា-កូរ៉េ

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២០ មិថុនា បានអញ្ជើញទទួលជួបជាមួយ លោក Park Jung-Wook ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា ពិភាក្សាការងារ និងផ្ដល់ព័ត៌មាន ដើម្បីពិនិត្យលទ្ធភាពបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-កូរ៉េ ស្របតាមគំនិតផ្តួចផ្តើម រវាងប្រមុខថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ។

ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី លោករដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លោករដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពីក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូប។

ជាគោលបំណងក្នុងកិច្ចប្រជុំពិភាក្សានាឱកាសនេះ ភាគីកម្ពុជា បានផ្ដល់ជូនអំពីព័ត៌មានជាសក្ដានុពលល្អសម្រាប់ការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស ជម្រាបជូនទៅកាន់ស្ថានទូតកូរ៉េប្រចាំកម្ពុជា ដើម្បីរួមគ្នាផ្សព្វផ្សាយ បញ្ជ្រៀបអំពីសក្ដានុពល ការលើកទឹកចិត្តពីរដ្ឋាភិបាលកម្ពុជា ចំពោះគម្រោងបង្កើត តំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-កូរ៉េ ព្រមទាំងកិច្ចសម្របសម្រួលការងារវិនិយោគ ជូនវិនិយោគិនផងដែរ។

ក្រោយពីបានជម្រាបជូន អំពីព័ត៌មានដល់ភាគីកូរ៉េ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើង ពីការត្រៀមខ្លួន របស់កម្ពុជាក្នុងការ សម្របសម្រួលរាល់កិច្ចការងារវិនិយោគ របស់វិនិយោគិន។ ក្នុងនោះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានស្នើឯកអគ្គរដ្ឋទូត សហការស្វែងរកវិនិយោគិន មានសក្ដានុពល ពីប្រទេសកូរ៉េ ដែលមានបំណងដាក់ទុនវិនិយោគលើការរៀបចំបង្កើតតំបន់ សេដ្ឋកិច្ចពិសេសកម្ពុជា-កូរ៉េ ដើម្បីអនុញ្ញាតឲ្យ គណៈប្រតិភូកម្ពុជា ពិសេសក្នុងនាម លោកឧបនាយករដ្ឋមន្ត្រីផ្ទាល់ អញ្ជើញទៅប្រទេសកូរ៉េ ដើម្បីគោះទ្វារផ្ដល់ព័ត៌មានគ្រប់ជ្រុងជ្រោយ និងការគាំទ្រពេញទំហឹង របស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់វិនិយោគិនកូរ៉េ។

សូមជម្រាបជូនថា កិច្ចប្រជុំនាឱកាសនេះ ត្រូវបានរៀបចំឡើងស្រប តាមលទ្ធផល នៃដំណើរទស្សនកិច្ចផ្លូវការ នាសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤កន្លងទៅ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងជំនួបជាមួយលោក យូន ស៊កយ៉ល (Yoon Suk Yeol) ប្រធានាធិបតីកូរ៉េ ដែលថ្នាក់ដឹកនាំទាំងពីរបានរំលេចផ្តួចផ្តើមឲ្យមានការបង្កើត តំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-កូរ៉េ ដើម្បីបង្កើតបរិយាកាស អំណោយផលសម្រាប់ការ វិនិយោគរបស់ក្រុមហ៊ុនកូរ៉េ ដែលធ្វើអាជីវកម្ម របស់ខ្លួននៅកម្ពុជា៕

To Top