បាកដាដ ៖ លោក Qais al-Khazali មេដឹកនាំក្រុម Asa’ib Ahl al-Haq ជាកងជីវពលនិកាយស៊ីអ៊ីតអ៊ីរ៉ាក់ បានគំរាមវាយប្រហារ ផលប្រយោជន៍អាមេរិកក្នុងប្រទេសអ៊ីរ៉ាក់ និងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាមេរិក គាំទ្រការវាយលុករបស់អ៊ីស្រាអែល ប្រឆាំងនឹងក្រុមហេសបូឡា របស់លីបង់។
នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ លោក al-Khazali បាននិយាយថា “ប្រសិនបើសហរដ្ឋអាមេរិក បន្តគាំទ្រអង្គភាព ដែលកំពុងកាន់កាប់នេះ (អ៊ីស្រាអែល) នៅក្នុងប្រតិបត្តិការ និង ការវាយប្រហារ ដែលបានពង្រីករបស់ខ្លួនលើប្រទេសលីបង់ និងក្រុមហេសបូឡា នោះអាមេរិកគួរតែដឹងថា ខ្លួនកំពុងបង្ហាញផល ប្រយោជន៍ទាំងអស់ នៅក្នុងតំបន់ និងអ៊ីរ៉ាក់ ឲ្យរងការវាយប្រហារ និងគ្រោះថ្នាក់”។
ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះហ្គាហ្សា កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ កម្លាំងតស៊ូអ៊ីស្លាមនៅអ៊ីរ៉ាក់ ដែលជាអង្គភាពឆ័ត្រ សម្រាប់កងជីវពលអ៊ីរ៉ាក់ ដែលគាំទ្រដោយអ៊ីរ៉ង់ បានបើកការវាយប្រហារជាច្រើនដងលើមូលដ្ឋានអ៊ីស្រាអែល និងសហរដ្ឋអាមេរិក នៅក្នុងតំបន់។
ការអត្ថាធិប្បាយរបស់លោក Al-Khazali បានកើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធលីបង់ហេសបូឡា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានឲ្យដឹងថា “បន្ទាប់ពីការបញ្ចប់នៃដំណាក់កាលដែលពឹងផ្អែកខ្លាំង នៅក្នុងតំបន់ហ្គាហ្សា យើងនឹងបន្តទៅភាគខាងជើង” ដោយសំដៅទៅលើការព្រមានរបស់អ៊ីស្រាអែល ក្នុងការចាប់ផ្តើមសង្រ្គាមពេញលេញប្រឆាំងនឹងក្រុមហេសបូឡា”៕
ប្រែសម្រួល ឈូក បូរ៉ា