ភ្នំពេញ ៖ តបតាមការអញ្ជើញ ពីភាគីចក្រភពអង់គ្លេស លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធាន អនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថា ក្នុងកម្មវិធីបើកកិច្ចពិភាក្សាកម្រិតនយោបាយនៅ Wilton Park ទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស ដើម្បីធានាភាពជោគជ័យ នៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញ លើកទី៥ឬកិច្ចប្រជុំកំពូល សៀមរាប-អង្គរ ស្តីពីពិភពលោកមួយ ដែលគ្មានមីន នៃអនុសញ្ញាហាមការប្រើប្រាស់មីន ប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា)។
ក្នុងនាមកម្ពុជា ជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ និងជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរ លោកបណ្ឌិត លី ធុជ បានប្តេជ្ញាចិត្តមិនផ្លាស់ប្តូរ ចំពោះបេសកកម្មរួម ស្មារតីនៃសាមគ្គីភាពអន្តរជាតិ និងការខិតខំប្រឹងប្រែងឥតឈប់ឈរនៃសន្តិភាព និងសុវត្ថិភាពសម្រាប់មនុស្សជាតិទាំងអស់ ដើម្បីឆ្ពោះទៅកាន់ពិភពលោក ដែលមិនមានគ្រោះមហន្តរាយដោយសារគ្រាប់មីន និងស្ដារឡើងវិញ នូវក្តីសង្ឃឹមដល់សហគមន៍ ដែលត្រូវបានបំផ្លិចបំផ្លាញ ដោយសំណល់នៃសង្រ្គាម។
ក្នុងឱកាសនោះ លោកបណ្ឌិត លី ធុជ បានថ្លែងអំណរគុណ ជូនចំពោះការិយាល័យការបរទេស Commonwealth និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស សម្រាប់ការគាំទ្រ និង ការផ្តល់នូវវេទិកានេះ នៅ Wilton Park ក្នុងការដោះស្រាយបញ្ហាប្រឈម សំខាន់ៗ មួយចំនួនរបស់ពិភពលោក និងជាកន្លែង ប្រវត្តិសាស្ត្រ សម្រាប់កិច្ចសន្ទនា ផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការជាសកល ។ ចក្រភពអង់គ្លេស គឺ ជាអ្នកគាំទ្រយ៉ាងសកម្ម នៃសកម្មភាពមីន នៅទូទាំងពិភពលោក ដោយជំរុញកិច្ចខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់សំណល់ នៃសង្គ្រាម និងស្ដារសុវត្ថិភាព ដល់សហគមន៍ដែលរងផលប៉ះពាល់។ ចក្រភពអង់គ្លេស បានដើរតួនាទី យ៉ាងសំខាន់ ក្នុងការតស៊ូមតិសម្រាប់ការគាំទ្រអន្តរជាតិ និងផ្តល់មូល និធិដល់កិច្ចខិតខំប្រឹងប្រែង ដោះមីនមនុស្សធម៌ ។ ការលះបង់និងការគាំទ្រ របស់ចក្រភពអង់គ្លេស បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការធ្វើឱ្យពិភពលោកកាន់តែមានសុវត្ថិភាព ដោយផ្លាស់ប្តូរជីវិត របស់មនុស្សរាប់មិនអស់ ។
លោកបណ្ឌិត លី ធុជ បានលើកឡើងថា កិច្ចពិភាក្សាកម្រិត នយោបាយនៅ Wilton Park នឹងកំណត់នូវមូលដ្ឋាន គ្រឹះសម្រាប់ការរៀបចំផែនការ សកម្មភាពសៀមរាប -អង្គរដែលជាផែនការសកម្មភាព ដឹកនាំកិច្ចខិតខំប្រឹងប្រែង សកម្មភាពមីនសកល និងជាគោលដៅ ដើម្បីត្រួសត្រាយផ្លូវ សម្រាប់ផែនការ សកម្មភាពដ៏រឹងមាំ ជំរុញគោលបំណង នៃអនុសញ្ញាក្នុងរយៈពេលប្រាំឆ្នាំខាងមុខ ៕