បន្ទាយមានជ័យ ÷នៅវេលាម៉ោង២៣និង១០នាទី ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤វេលាម៉ោង២១និង០០នាទី កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង បានផ្ដើមឃាត់ ខ្លួនជនសង្ស័យចំនួន០២នាក់ ១.ឈ្មោះ យ៉ាវ ហ្វុកឈាង (YAO FUQIANG) (ហៅក្រៅកាំង,សឺវាន់) ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន អាសយដ្ឋានបច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងរាជធានីភ្នំពេញ ។ ២.ឈ្មោះ ខេ ម៉ៅ ធុង (HIN MAUNG TUN) ហៅក្រៅអាវៃ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិមីយ៉ាន់ម៉ា អាសយដ្ឋានបច្ចុប្បន្ន ស្នាក់នៅរាជធានីភ្នំពេញ ។ ការឃាត់ជនសង្ស័យទាំង២នាក់ខាងលេីនេះជាប់ពាក់ព័ន្ធករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ ដែលប្រព្រឹត្តិកាលពីវេលាម៉ោង២១និង០០នាទី ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចបុរីដឺផាកស៊ីធី (THE PARK CITY) ស្ថិតក្នុងភូមិគីឡូលេខ៤ សង្កាត់ផ្សាកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ការឃាត់ខ្លួននេះធ្វេីឡេីងតាមពាក្យបណ្តឹង របស់ជនរងគ្រោះឈ្មោះ ជីន ចុងលីន (JIN ZHONG LIN) ហៅក្រៅស្វា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន ស្នាក់នៅក្នុងបុរីដ៏ផាកស៊ីធី (THE PARK CITY) ស្ថិតក្នុងភូមិ គីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា កាលពីវេលាកេីតហេតុ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានទទួលព័ត៌មានពីសន្តិសុខ ដែលយាម នៅចំណុចបុរីដឺផាក ស៊ីធី (THE PARK CITY) ថាមានករណីចាប់ខ្លួនជនជាតិចិន បញ្ចូលទៅក្នុងរថយន្ត ម៉ាកតូយូតាឡង់គ្រីសឺរ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ៤៥៤៦ ចំនួន០១គ្រឿង ភ្លាមនោះកម្លាំងមូលដ្ឋាន បានចុះទៅដល់កន្លែង កើតហេតុ និងបានធ្វើការ ឃាត់ខ្លួន ជនសង្ស័យទាំង០២នាក់ខាងលេី ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដេីម្បីសួរនាំ ។
ក្រោយសួរនាំជនសង្ស័យទាំង០២នាក់ បានឆ្លើយសារភាពថា ពួកគេ និងបក្ខពួកចំនួន០៥នាក់ បានធ្វើដំណើរពីរាជធានីភ្នំពេញ មកក្រុងប៉ោយប៉ែត ដើម្បីចាប់ខ្លួនជនរងគ្រោះឈ្មោះ ជីន ចុងលីន (JIN ZHONG LIN) ហៅក្រៅស្វា យកទៅរាជធានីភ្នំពេញ ដោយសារជនរងគ្រោះ ជំពាក់ប្រាក់មិនសង ពេលចាប់ជនរងគ្រោះដាក់បញ្ចូលឡាន ជនរងគ្រោះបានស្រែកឱ្យគេជួយធ្វើឱ្យមានការភ្ញាក់ផ្អើល រហូតត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនពួកគេតែម្តង ។
ដោយផ្អែកលេីចម្លេីយសារភាព កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូន មកកាន់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី ចំណែកបក្សពួកផ្សេងកម្លាំងកំពុងស្រាវជ្រាវបន្ត ៕
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែមិថុនា ឆ្នាំ ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕