ព័ត៌មានជាតិ

សម្តេចធិបតី៖ រាជរដ្ឋាភិបាលអាណត្តិទី៧ នឹងប្ដេជ្ញាបន្ដពីរាជរដ្ឋាភិបាលអាណត្តិមុនៗ ដើម្បីជួយដល់កសិករ

កំពង់ចាម ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលអាណត្តិទី៧ នឹងប្ដេជ្ញាចិត្តអនុវត្តកិច្ចការងារ​ ពីរាជរដ្ឋាភិបាលអាណត្តិមុនៗ ដើម្បីដាក់ចេញគោលនយោបាយជាបន្ដបន្ទាប់ ក្នុងការជួយដល់កសិករខ្មែរ។

នាឱកាសអញ្ជើញជាអធិបតីអបអរសាទ «ទិវាមច្ឆជាតិ ១ កក្កដា ២០២៤» នៅបឹងធំ ភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃ១ កក្កដា សម្ដេចធិបតីបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវ គោលនយោបាយជាបន្តបន្ទាប់ ដើម្បីលើកស្ទួយកសិកម្ម ខណៈវិស័យកសិកម្មជាផ្នែកមួយ នៃការលើកស្ទួយដល់សេដ្ឋកិច្ចកម្ពុជា។

សម្ដេចធិបតីមានប្រសាសន៍ថា «រាជរដ្ឋាភិបាលនៅតែបន្ដធ្វើព្រោះការអន្ដរាគមន៍ ទៅដល់ប្រជាពលរដ្ឋខាងកសិកម្ម មិនមែនតែតម្លៃផលិតផលនោះទេ សំខាន់ទីមួយមានទីផ្សារ។ ចឹងរាជរដ្ឋាភិបាលនៅក្នុងអាណត្តិទី៧នេះ នឹងប្ដេជ្ញាចិត្តបន្ដពីរដ្ឋាភិបាលអាណត្តិមុនៗ ដើម្បីដាក់ចេញគោលនយោបាយជាបន្ដបន្ទាប់ នៅក្នុងការជួយដល់កសិកររបស់យើង នៅក្នុងគ្រប់ទូទាំងប្រទេស ក៏ដូចជា ការវិនិយោគផ្សេងៗ នៅក្នុងកសិកម្មរបស់យើង»។

សម្ដេចធិបតីបន្ដថា ឥឡូវនេះយុទ្ធសាស្ដ្រធំរបស់រាជរដ្ឋាភិបាល គឺរុញខាងកសិឧស្សាហកម្ម ដូចជា ស្វាយចន្ទីរ ស្រូវ អង្ករ កៅស៊ូ ជាដើម។

សម្ដេចនាយករដ្ឋមន្ដ្រី ក៏បានស្នើដល់ស្ថាប័នជំនាញ ឲ្យចុះទៅពិនិត្យនៅទីតាំងជាក់ស្ដែង ដែលមានតម្រូវការផលិតផលកសិកម្ម ដើម្បីផ្គត់ផ្គង់ឲ្យត្រូវតាមការចង់បាន របស់ទីផ្សារទាំងនៅកម្រិតជាតិ និងអន្តរជាតិផងដែរ ៕

To Top