ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ពិនិត្យទីតាំងត្រៀមបើកការដ្ឋាន គម្រោងព្រែកជីកហ្វូណនតេជោ

កណ្ដាល ៖ នៅរសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អញ្ជើញចុះពិនិត្យទីតាំងបើកការដ្ឋាន គម្រោងព្រែកជីកហ្វូណនតេជោស្ថិតនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ការចុះពិនិត្យទីតាំងនេះ ក៏មានការអញ្ជើញអមដំណើរពី លោករដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, លោករដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម, លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល, អភិបាលខេត្តកណ្ដាល និងក្រុមការងារជំនាញមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូប

គម្រោងព្រែកជីកហ្វូណនតេជោជាគម្រោងប្រវត្តិសាស្រ្តលើកទីមួយ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដែលតភ្ជាប់ផ្លូវទឹកពីទន្លេកម្ពុជាទៅសមុទ្រដោយផ្ទាល់ គម្រោងនេះនឹងបើកការដ្ឋានសាងសង់ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។

គម្រោងនេះនឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដូចជាកាត់បន្ថយពេលវេលាធ្វើដំណើរ ចម្ងាយផ្លូវ ការចំណាយ នីតិវិធីផ្សេងៗសម្រាប់នាវានិងទំនិញចូល-ចេញ ហើយធ្វើឱ្យចំណេញ និងបង្កើនល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងធ្វើសមាហរណកម្មការដឹកជញ្ជូនផ្លូវទឹក តាមរយៈការពង្រីកការតភ្ជាប់ពហុមធ្យោបាយដឹកជញ្ជូន។ គម្រោងនេះ ក៏នឹងចូលរួមកាត់បន្ថយការខូចខាតផ្លូវថ្នល់ ការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងកាត់បន្ថយគ្រោះទឹកជំនន់ និងផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចសង្គមផ្សេងៗទៀតជាច្រើនផងដែរ៕

To Top