ព័ត៌មានអន្តរជាតិ

មេដឹកនាំ​ឧស្សាហកម្ម រថយន្ត​ របស់​ចក្រភព​អង់គ្លេស ជំរុញ​ឱ្យ​ចៀសវាង សង្គ្រាម​ពាណិជ្ជកម្ម ជុំវិញ​ការ​ដំឡើង​ពន្ធ​លើរថយន្ត EV របស់​ចិន

Xinhua

ឡុងដ៍៖ មេដឹកនាំឧស្សាហកម្ម រថយន្តអង់គ្លេសមួយរូប បានជំរុញឱ្យជៀសវាងការកើនឡើង នៃរបាំងពាណិជ្ជកម្ម នៅទូទាំងទីផ្សារពិភពលោក ចំពេលមាន ភាពតានតឹង នៅសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ជុំវិញការដំឡើងពន្ធ លើរថយន្តអគ្គិសនី របស់ចិន ។

លោក Mike Hawes នាយកប្រតិបត្តិនៃសមាគមក្រុមហ៊ុនផលិតរថយន្ត និងពាណិជ្ជកររបស់ចក្រភពអង់គ្លេស (SMMT) បានកត់សម្គាល់ថា “គ្មាននរណាម្នាក់ចង់បានសង្រ្គាមពាណិជ្ជកម្មនោះទេ។ យើងមិនចង់ឃើញសកម្មភាព tit-for-tat ណាមួយនោះទេ” នៅលើការដំឡើងពន្ធ។

ទោះបីជាស្ថានភាពបច្ចុប្បន្នមិន ប៉ះពាល់ដល់ចក្រភពអង់គ្លេសដោយផ្ទាល់ក៏ដោយ ក៏មានភាពមិនប្រាកដប្រជាមួយ កម្រិតក្នុងប៉ុន្មានខែខាងមុខ ខណៈដែលការចរចានៅតែបន្តរវាង អឺរ៉ុប និងចិន ជុំវិញការដំឡើងពន្ធដែលបានគ្រោងទុក ហើយខណៈដែលសហរដ្ឋអាមេរិក នឹងរៀបចំការបោះឆ្នោតប្រធានាធិបតីនៅចុងឆ្នាំនេះ។ លោក Hawes បានឲ្យដឹងដោយបន្ថែមថា ឧស្សាហកម្មរថយន្ដរបស់ចក្រភពអង់គ្លេស កំពុងតាមដានយ៉ាងដិតដល់នូវស្ថានភាព។

នៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយកាសែតស៊ិនហួ លោក Hawes បានលើកឡើងថា ចក្រភពអង់គ្លេស គឺជាទីផ្សារបើកចំហយ៉ាងខ្លាំង ជាមួយនឹងអ្នកប្រើប្រាស់ ដែលស្រឡាញ់បច្ចេកវិទ្យា ហើយម៉ាកយីហោចិន ជាច្រើនបានចូលទីផ្សារក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

លោកបានបន្ថែមថា ពួកគេផ្តល់នូវជម្រើសកាន់តែច្រើន កាត់បន្ថយការចំណាយសម្រាប់អ្នកប្រើប្រាស់ និងជំរុញការច្នៃប្រឌិត និងការប្រកួតប្រជែងនៅក្នុងឧស្សាហកម្មនេះ ។ លោក Hawes បានកត់សម្គាល់ថា “ដរាបណាការប្រកួតប្រជែង នោះមានភាពយុត្តិធម៌ នោះអ្នកគ្រប់គ្នាគឺជាអ្នកឈ្នះ” ។

ជាពិសេសលោក Hawes បានលើកឡើងថាម៉ាកយីហោរបស់ចិនកាន់កាប់ចំណែកប្រហែល ៤ ភាគរយនៃទីផ្សារទាំងមូល និងប្រហែល ១០ ភាគរយនៃទីផ្សាររថយន្តអគ្គិសនី ។ លើសពីនេះទៀតប្រហែល ៣០ភាគរយនៃរថយន្តអគ្គិសនី ទាំងអស់ដែលបានលក់នៅក្នុងចក្រភពអង់គ្លេសគឺមកពីប្រទេសចិន រួមទាំងរថយន្ត ដែលមិនមែនជាម៉ាករបស់ចិនផងដែរ។

ទិន្នន័យ SMMT បានបង្ហាញថា ប្រហែល ១៦-១៧ ភាគរយនៃរថយន្តថ្មី ដែលបានលក់នៅចក្រភព អង់គ្លេស រហូតមកដល់ពេលនេះគឺជារថយន្ត EV ដែលស្ថិតនៅក្រោមអាណត្តិ របស់រដ្ឋាភិបាល ដែលតម្រូវឱ្យម៉ាកនីមួយៗធានាថា ២២ ភាគរយ នៃការលក់រថយន្តថ្មី របស់ពួកគេនៅឆ្នាំនេះ គឺគ្មានការបំភាយឧស្ម័ន ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top