ភ្នំពេញ៖ លោក Shaharuddin Bin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីទើបតែងតាំងថ្មីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ។
ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤នេះ លោកឯកអគ្គរាជទូតម៉ាឡេស៊ី បានគោរពជម្រាបជូនសម្តេចធិបតីថា លោកពិតជាមានកិត្តិយសយ៉ាងក្រៃលែង ដែលត្រូវបានតែងតាំង ជាឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ លោកឯកអគ្គរាជទូត ក៏បានជម្រាបជូនអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងម៉ាឡេស៊ី-កម្ពុជា ។
លោកឯកអគ្គរាជទូតថ្មីរូបនេះ ក៏បានបញ្ជាក់ថា ក្នុងបេសកកម្មការទូតរបស់លោកនៅកម្ពុជា លោកប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។
ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះវត្តមានរបស់ លោក Shaharuddin Bin Onn និងគណៈប្រតិភូ ព្រមទាំងបានអបអរសាទរចំពោះលោក ដែលត្រូវបានតែងតាំង ជាឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ហើយសម្តេចធិបតី បានផ្តាំផ្ញើការសួរសុខទុក្ខ ជូនចំពោះលោក ដាតុ ស៊េរី អាន់វ៉ា អ៉ីប្រាហ៊ីម (Dato’ Seri Anwar Bin Ibrahim) នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ីផងដែរ។ ទន្ទឹមនោះ សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើន នៃទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-ម៉ាឡេស៊ីផងដែរ។
ក្នុងជំនួបនេះដែរ សម្តេចធិបតី និងលោកឯកអគ្គរាជទូត ក៏បានពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើន រួមមាន៖ វិស័យនយោបាយ, សន្ដិសុខ និងការពារជាតិ, សេដ្ឋកិច្ច, ទេសចរណ៍ , អប់រំនិងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន។ បន្ថែមលើនេះ សម្តេចធិបតី និងលោកឯកអគ្គរាជទូត ក៏បានពិភាក្សាអំពីការជំរុញនូវកិច្ច សហប្រតិបត្តិការលើការបង្កើត សួនឧស្សាហកម្មអាហារហាឡាល់ ដើម្បីជំរុញការអភិវឌ្ឍវិស័យហាឡាល់នៅកម្ពុជា ក្នុងការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងអន្តរជាតិ។
ជាទីបញ្ចប់ សម្ដេចធិបតី បានជូនពរ លោកឯកអគ្គរាជទូត ទទួលបានជោគជ័យក្នុងការ បំពេញបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា និងបានលើកទឹកចិត្តឱ្យលោកឯកអគ្គរាជទូត បន្តធ្វើកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ របស់រាជរដ្ឋាភិបាលកម្ពុជា៕