បាងកក ៖ ប្រទេសថៃឡង់ដ៏ បានទទួលភ្ញៀវទេសចរ បរទេសជាង១៧,៥លាននាក់ នៅក្នុងឆមាសទី១នៃឆ្នាំ២០២៤នេះ ពោលគឺ បានកើនឡើង៣៥ភាគរយធៀប នឹងឆ្នាំមុន ដើម្បីបំពេញ តាមគោលដៅចុងឆ្នាំ ដែលមានចំនួនភ្ញៀវបរទេសចំនួន៣៦,៧លាននាក់ ទិន្នន័យបានបង្ហាញឲ្យដឹងកាលពីថ្ងៃអង្គារ ។
ក្រសួងទេសចរណ៍ និងកីឡាថៃឡង់ដ៏ បានឲ្យដឹងថា ជាមួយនឹងការមកដល់ចំនួន ៣,៤៣លាននាក់ ភ្ញៀវទេសចរចិន បានបង្កើតទីផ្សារប្រភពដ៏ធំបំផុត សម្រាប់ប្រទេសអាស៊ីអាគ្នេយ៍ក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំនេះ បន្ទាប់មកគឺ២,៤៣លាននាក់មកពីម៉ាឡេស៊ី និង១,០៤លាននាក់មកពីប្រទេសឥណ្ឌា ។
ក្រសួងបានរំពឹងថា ចំនួនអ្នកទេសចរ ចូលនឹងបន្តកើនឡើងនៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខ ដែលជំរុញដោយកត្តាដូចជានិន្នាការ ទេសចរណ៍ដែលបង្កឡើងដោយរដូវវិស្សមកាល រដូវក្តៅដែលកំពុងបន្ត និងគំនិតផ្តួចផ្តើមដែលផ្តល់ភាពងាយស្រួលរបស់រដ្ឋាភិបាល ។
រដ្ឋាភិបាលថៃ កំពុងធ្វើការជាមួយក្រុមហ៊ុនអាកាសចរណ៍ ដើម្បីបង្កើនចំនួនជើងហោះហើរទៅកាន់ព្រះរាជាណាចក្ររបស់ខ្លួន និងកំពុងពង្រីកការចូលដោយគ្មានទិដ្ឋាការ ទៅកាន់ប្រទេសជាច្រើនទៀត ។
ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នេះរាប់បញ្ចូលទាំងកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការទៅវិញទៅមករវាងប្រទេសថៃឡង់ដ៏ និងប្រទេសចិន ដែលបានចាប់ផ្តើមនៅថ្ងៃទី១ ខែមីនា ដែលជួយបង្កើនទំនុកចិត្ត និងសម្រួលដល់ការធ្វើដំណើរដ៏ងាយស្រួលរវាងប្រទេសទាំង២ ។
ក្រសួងខាងលើបានឲ្យដឹងថា ប្រទេសថៃឡង់ដ៏ បានរកចំណូល បានប្រហែល ៨២៥ពាន់លានបាត ស្មើនឹងប្រហែល២២,៣៩ ពាន់លានដុល្លារ សហរដ្ឋអាមេរិក នៅក្នុងប្រាក់ចំណូលពីភ្ញៀវទេសចរអន្តរជាតិ គិតមកទល់នឹងពេលនេះ ។
ព្រះរាជាណាចក្រថៃ កំពុងកំណត់គោលដៅ លើបង្កាន់ដៃទេសចរណ៍ចំនួន៣,៥ពាន់ពាន់លានបាត ស្មើនឹងប្រហែល៩៥ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៤នេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា