ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ លោក STEFAN MESSERER ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា បានសន្យាថា នឹងបន្តធ្វើការជាមួយអង្គការ NGO នានា ដើម្បីបន្តការងារដោះមីន ដើម្បីឲ្យកម្ពុជា សម្រេចគោលដៅក្លាយ ជាប្រទេសគ្មានមីន នៅឆ្នាំ២០២៥ខាងមុខ។
ក្នុងជំនួបនោះដែរ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអាល្លឺម៉ង់ បន្តជួយកម្ពុជានៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម។ ការផ្លាស់ប្ដូរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់ បានបង្កើនកម្រិតកាន់តែខ្ពស់ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេស ក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ដែលធ្វើឱ្យមានវឌ្ឍនភាពគួរឲ្យកត់សម្គាល់។
សម្ដេចតេជោ ក៏ស្នើសុំឯកអគ្គរដ្ឋទូត បន្តការងារ ជាពិសេសការជំរុញនៅក្នុងវិស័យសេដ្ឋកិច្ច ការវិនិយោគ និងការអភិវឌ្ឍធនធានមនុស្ស។
សម្ដេចតេជោមានប្រសាសន៍ថា កម្ពុជាគ្រោងនឹងបញ្ចប់ការដោះមីនទាំងអស់នៅក្នុងឆ្នាំ២០២៥ ក៏ប៉ុន្តែ សម្ដេចមានការព្រួយបារម្ភថា គោលដៅនេះ អាចមិនសម្រេចបានទាំងស្រុង ដោយសារយើងនៅមានជនរងគ្រោះដោយសារគ្រាប់មីនជាបន្តបន្ទាប់។ សម្តេចសង្ឃឹមថា «អាល្លឺម៉ង់ នឹងបន្តជួយលើការដោះមីននេះ»។
សម្ដេចតេជោ ក៏ស្នើដល់ភាគីអាល្លឺម៉ង់ ជំរុញការចរចា ដើម្បីឈានដល់ដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាន និងសហភាពអឺរ៉ុប។ សម្តេច បានបង្ហាញការរីករាយ ក្នុងការបន្តកិច្ចការដែលបានធ្វើជាមួយគ្នា ពិសេសជំរុញទេសចរអាឡឺម៉ង់មកកាន់កម្ពុជាបានកាន់តែច្រើនថែមទៀត។ សម្តេច ជឿជាក់ថា ការបង្កើតស្ថានកុងស៊ុលកិត្តិយសអាល្លឺម៉ង់នៅទីក្រុងសៀមរាប អាចនឹងជួយជំរុញវិស័យទេសចរណ៍ផងដែរ។
ចំណែក ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ក៏បានអរគុណ កម្ពុជាបានបន្តគាំទ្រ ក្នុងការហ្វឹកហ្វឺនអ្នកដោះមីន អ៊ុយក្រែនដោយលោក យល់ច្បាស់ពីកម្ពុជា ដែលបានឆ្លងកាត់ការលំបាកច្រើន ។ អាល្លឺម៉ង់ ចង់ឲ្យកម្ពុជាបន្តការងារអាចជួយពង្រីកការងារបណ្ដុះបណ្ដាលនេះបន្ថែមទៀត។
ទាក់ទងនឹងបញ្ហាដោះមីនផងដែរ ឯកអគ្គរដ្ឋទូតសន្យាថា «នឹងបន្តធ្វើការជាមួយនឹងអង្គការ NGO នានា បន្តការងារដោះមីន ដើម្បីឲ្យកម្ពុជាសម្រេចគោលដៅ ក្លាយជាប្រទេសគ្មានមីន នៅក្នុងឆ្នាំ២០២៥ខាងមុខ។ ជាមួយនេះដែរ អាល្លឺម៉ង់ក៏ប្ដេជ្ញាបន្តគម្រោង អាល្លឺម៉ង់ជួយឧបត្ថម្ភគាំទ្រ ដល់ការអភិរក្សប្រាសាទអង្គរ ប្រាសាទនានា ដែលជាបេតិកភ័ណ្ឌវប្បធម៌ដ៏សម្បូរបែប ដែលគម្រោងនេះ មានរយៈពេលវែងជាងគេលើពិភពលោក» ៕