ព័ត៌មានជាតិ

កងទ័ពជើងគោក បើកវគ្គហ្វឹកហ្វឺនពន្លត់អគ្គិភ័យ និងសង្រ្គោះ ដល់កងប្រតិបត្តិការរុករក និងសង្រ្គោះគ្រោះមហន្តរាយវគ្គ២

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ហែម ថា មេបញ្ជាការកងពលតូចលេខ៧០ តំណាង​ លោកនាយឧត្តមសេនីយ៍​ ម៉ៅ​ សុផាន់​ អគ្គមេបញ្ជាការរង​ នៃកងយោធពលខេមរភូមិន្ទ​ មេបញ្ជាការកងទ័ពជើងគោក​ និងលោក KIYOSHI MASAI ប្រធានអង្គការ JPR ប្រទេសជប៉ុន នាព្រឹកថ្ងៃទី៤ កក្កដាបានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គហ្វឹកហ្វឺនពន្លត់អគ្គិភ័យ និងសង្រ្គោះដល់កងប្រតិបត្តិការរុករក និងសង្រ្គោះគ្រោះមហន្តរាយវគ្គ២ របស់បញ្ជាការដ្ឋានកងទ័ពជើងគោក នៅទីបញ្ជាការកងពលតូចលេខ៧០។

ក្នុងឱកាសនោះដែរ លោកមេបញ្ជាការកងពល បានមានប្រសាសន៍ថា​ ពិធីបើកវគ្គហ្វឹកហ្វឺនពន្លត់អគ្គិភ័យ និងសង្រ្គោះដល់កងប្រតិបត្តិការរុករក និងសង្រ្គោះគ្រោះមហន្តរាយរបស់កងទ័ពជើងគោកនេះ គឺជាលើកទី២ ក្នុងគោលបំណងផ្តល់ចំណេះដឹង ផ្នែកពន្លត់អគ្គិភ័យ និងសង្គ្រោះ ដល់កងប្រតិបត្តិការរុករក និងសង្រ្គោះគ្រោះមហន្តរាយ ឱ្យកាន់តែស្ទាត់ជំនាញងាយស្រួល ក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋ ដែលជួបគ្រោះមហន្តរាយផ្សេងៗដូចជា គ្រោះថ្នាក់ចរាចរណ៍ គ្រោះអគ្គិភ័យ គ្រោះទឹកជំនន់ បាក់រលំអគារជាដើម។ ជាពិសេស ដើម្បីបង្កើនសមត្ថភាពហ្វឹកហ្វឺន ជាគ្រូបង្គោលដល់កងសង្គ្រោះរបស់អង្គភាពទាំងអស់ ចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក​ ដែលក្រោមការជួយឧបត្ថម្ភ របស់អង្គការ​ JPR ប្រចាំនៅកម្ពុជា។

លោកឧត្តមសេនីយ៍ឯក ក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវតែខិតខំហ្វឹកហាត់ ដាក់កាយដាក់ចិត្ត យកអស់ស្មារតីរៀនសូត្រ ឱ្យទទួលបានលទ្ធផលល្អគ្រប់ៗគ្នា ដើម្បីយកចំណេះជំនាញនេះ មកបម្រើអង្គភាព ក៏ដូចជាប្រជាពលរដ្ឋ ដែលជួបគ្រោះមហន្តរាយផ្សេងៗ ឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ៕

To Top