ព័ត៌មានជាតិ

ថ្ងៃបើកការដ្ឋាន ព្រែកជីកហ្វូណនតេជោ ! សម្តេចធិបតី ណែនាំឱ្យគោះជួង និងទូងស្គរ ព្រមៗគ្នានៅវេលាម៉ោង ៩ព្រឹក

ភ្នំពេញ ៖ នាថ្ងៃបើកការដ្ឋាន គម្រោងព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែ នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិ ចូលរួមគ្រប់រូបភាពផ្សេងៗនៅទូទាំងប្រទេស តាមរយៈការគោះជួង និងទូងស្គរ ព្រមៗគ្នានៅវេលាម៉ោង ៩ព្រឹក ។ នេះបេីយោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ នៅវិមានសន្តិភាព ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះមន្ត្រីរាជការគ្រប់ក្រសួង ស្ថាប័ន ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងគ្រប់និន្នាការនយោបាយ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ ដែលបានគាំទ្រ គម្រោងព្រែកជីក ហ្វូណនតេជោ ដោយ សម្តេច បានស្នើឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធត្រៀម លក្ខណៈដើម្បីចូលរួម និងរៀបចំពិធីបញ្ចុះ បឋមសីលាបើកការដ្ឋានព្រែកជីកនេះនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ប្រកបដោយជោគជ័យ និងអធិកអធមបំផុត ។

សម្តេចធិបតី បានណែនាំឱ្យស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិចូលរួមគ្រប់រូបភាពផ្សេងៗ នៅទូទាំងប្រទេស តាមរយៈការគោះជួង និងទូងស្គរ ជាដើម ព្រមៗគ្នានៅវេលាម៉ោង ៩ នាទីព្រឹក ស្របពេលដែល សម្តេច ចុចប៊ូតុង សម្ពោធបើកការដ្ឋាន ដើម្បីអបអរសាទរសមិទ្ធផលដ៏អស្ចារ្យនេះ ដោយចាត់ទុកជាព្រឹត្តិការណ៍ជាតិ ដ៏ធំបំផុតមួយ ។ នៅយប់ថ្ងៃដដែលនោះ ក៏មានការរៀបចំប្រគំតន្ត្រី និងបាញ់កាំជ្រួច នៅទូទាំងប្រទេស តាមដែលអាចធ្វើបាន៕

To Top