ព័ត៌មានជាតិ

រដ្ឋមន្ដ្រីមហាផ្ទៃ លើកទឹកចិត្តក្រុមហ៊ុន CRBC ដែលអភិវឌ្ឍន៍ផ្លូវល្បឿនលឿន​ ភ្នំពេញ-ព្រះសីហនុ ពង្រីកការវិនិយោគថ្មីៗ បន្ថែមទៀត នៅកម្ពុជា

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ កោតសរសើរ ចំពោះភាពលេចធ្លោ នៃការវិនិយោគផ្នែកហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា របស់ក្រុម CRBC ពិសេសចុងក្រោយនេះ គឺការអភិវឌ្ឍផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ដែលជាគម្រោងទី១ និងជាប្រវត្តិសាស្ត្រ នៅកម្ពុជា ។ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ក៏បានមានប្រសាសន៍លើកទឹកចិត្តក្រុមហ៊ុន CRBC ពិនិត្យសក្ដានុពលថ្មីៗ ដើម្បីពង្រីកការវិនិយោគបន្ថែមទៀត ។

ក្នុងឱកាសអនុញ្ញាត ជូន លោក Yang Jie អគ្គនាយក នៃក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន (CRBC) ប្រចាំកម្ពុជា និងសហការី សម្របសម្រួលដោយ លោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ចូលជួបសម្ដែងការគួរសមនារសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤នេះ លោកឧបនាយករដ្ឋមន្ត្រី បានចូលរួមអបអរសាទរ ចំពោះសមិទ្ធផលផ្លូវនិងស្ពានសរុបរាប់ពាន់គីឡូម៉ែត្រ ដែលក្រុមហ៊ុនបានចូលរួមអភិវឌ្ឍន៍ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ចាប់ពីឆ្នាំ២០០១ ។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ ក្រុមហ៊ុន CRBC ដែលបានផ្ដល់អំណោយមនុស្សធម៌ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយបរិច្ចាគប្រាក់ចំនួន ១លាន ៣សែនដុល្លារដល់រាជរដ្ឋាភិបាល និងកាកបាទក្រហមកម្ពុជា និងចូលរួមគាំទ្រថវិកា ដល់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបង រួមទាំងការសាងសង់វិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសសាធារណការ និងដឹកជញ្ជូន ព្រមទាំងបានផ្ដល់ហារូបករណ៍ជាច្រើនកន្លែងដល់សិស្ស និងនិស្សិតកម្ពុជា។

ក្រៅពីនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីគោលនយោបាយ និង យុទ្ធសាស្ត្រ បញ្ចកោណ របស់រាជរដ្ឋាភិបាល សក្ដានុពល នៃច្បាប់វិនិយោគថ្មី ព្រមទាំងការធ្វើវិមជ្ឈការផ្ទេរសិទ្ធិសម្រេច គម្រោងវិនិយោគតម្លៃ ៥លានដុល្លារចុះ ទៅឱ្យរដ្ឋបាលរាជធានី ខេត្ត ដើម្បីផ្ដល់ឱកាសពង្រីក សក្ដានុពលទាក់ទាញគម្រោងវិនិយោគនៅថ្នាក់ក្រោមជាតិ ។ លោកអភិសន្តិបណ្ឌិត ក៏បានស្នើក្រុមហ៊ុនចិន ចូលរួមផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍ របស់កម្ពុជាទៅកាន់សាធារណជនចិន និងពិភពលោកផងដែរ។

លោក Yang Jie អគ្គនាយក នៃក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន CRBC ប្រចាំកម្ពុជា បានថ្លែងអំណរគុណលោកអភិសន្តិបណ្ឌិត ដែលអនុញ្ញាតជូនលោក និងសហការីបានចូលជួបសម្ដែងការគួរសម។ លោកអគ្គនាយក បានជម្រាបលោកអភិសន្តិបណ្ឌិត ថាក្រុមហ៊ុនសាជីវកម្ម ស្ពានថ្នល់ចិន CRBC ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនឆាយណា ខមញ៉ូនីខេសិន ខនស្ត្រាក់ សិន (CCCC) ដែលជាក្រុមហ៊ុនជំនាញ រចនា សាងសង់ និងគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត នៅប្រទេសចិន ហើយក៏បានជាប់ចំ ណាត់ថ្នាក់ទី៦៣ ក្នុងចំណោមក្រុមហ៊ុនកំពូលទាំង៥០០ ក្នុងពិភពលោក។

លោក Yang Jie ក៏បានជម្រាប លោកឧបនាយករដ្ឋមន្ត្រី ស សុខា នូវជំនឿចិត្តខ្ពស់ចំពោះរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការធានាលំនឹងសេដ្ឋកិច្ចជាតិ ស្ថិរភាពនយោបាយ និងបរិយាកាសសន្តិសុខ ដែលធ្វើឱ្យក្រុមហ៊ុនរបស់លោកមានភាពកក់ក្ដៅ ក្នុងការបោះជំហានពង្រីកការវិនិយោគថ្មីៗបន្ថែមទៀត ជាពិសេសគម្រោងសាងសង់ផ្លូវល្បឿនលឿន ផ្លូវជាតិ និងស្ពាន តួយ៉ាងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ភ្នំពេញ-សៀមរាប និងក្រុងប៉ោយប៉ែតជាដើម ៕

To Top