ព័ត៌មានជាតិ

សម្ដេចធិបតីណែនាំ៤ ចំណុច ដើម្បីអបអរសាទរ ការបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ

ភ្នំពេញ ៖ ដើម្បីអបអរសាទរការបើកការដ្ឋាន សាងសង់ព្រែកជីកហ្វូណនតេជោ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត បានធ្វើការណែនាំចំនួន ៤ចំណុច ។ នេះបើយោងតាមសារាចររបស់រាជរដ្ឋាភិបាល។

រាជរដ្ឋាភិបាល បានធ្វើការណែនាំចំនួន ៤ចំណុចនោះ រួមមាន ៖

១- ប្រកាសថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ជាថ្ងៃអបអរសាទរផ្លូវការនៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។

២- គ្រប់ក្រសួង ស្ថាប័ន ទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ គ្រឹះស្ថានសាធារណៈនិងឯកជន ព្រមទាំង ជនរួមជាតិគ្រប់រូបទូទាំងព្រះរាជាណាចក្រកម្ពុជា សូមរួមគ្នាធ្វើការវាយគង ជួង រគាំង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយដែលខ្លួនមាន នាវេលាម៉ោង៩:០៩នាទីព្រឹក នៅគ្រប់ទីកន្លែង សាធារណៈសំខាន់ៗ ទីស្តីការក្រសួង ស្ថាប័នថ្នាក់ជាតិ អង្គភាពរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ គ្រប់ទីវត្តអារាម មណ្ឌលវិបស្សនា អាស្រម សាលាបុណ្យ វិហារសាសនា ស្នាក់ការ ស៊ូរ៉ាវ សាលារៀនរដ្ឋនិងឯកជន និងទីប្រជុំសហគមន៍ ឱ្យបានកុះករ ក្លៀវក្លា និងអធិកអធម ជាទីមោទនៈ។

៣- គ្រប់រដ្ឋបាលរាជធានី ខេត្ត ត្រូវរៀបចំទីកន្លែងឱ្យបានសមរម្យ សម្រាប់រៀបចំពិធីអបអរសាទរ ដោយ រៀបចំឱ្យមានការអុជកាំជ្រួច នាវេលាម៉ោង១៩:០០នាទីយប់។

៤- ក្រសួងព័ត៌មាន ត្រូវណែនាំឱ្យប្រព័ន្ធឃោសនារបស់រដ្ឋនិងឯកជន ផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពី អត្ថប្រយោជន៍នៃគម្រោងព្រែកជីកហ្វូណនតេជោ និងទស្សនីយភាពអបអរសាទរនានាពាក់ព័ន្ធនឹង ការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ៕

To Top