ព័ត៌មានជាតិ

ARDB Bank ចូលរួមផ្សព្វផ្សាយ អំពីការផ្ដល់ប្រាក់កម្ចីជាមួយនឹង លក្ខខណ្ឌអនុគ្រោះរបស់គម្រោង ACSEP នៅខេត្តកំពង់ធំ

រូបភាព៖ ហ្វេសប៊ុកផេក ARDB Bank

ភ្នំពេញ៖ អង្គភាពអនុវត្តគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) នាថ្ងៃសុក្រទី៥ ខែកក្កដា ឆ្នាំ២០២៤ នៅសាលាខេត្តកំពង់ធំ បានរៀបចំកម្មវិធី ផ្សព្វផ្សាយអំពីការផ្ដល់ប្រាក់កម្ចី ជាមួយនិងលក្ខខណ្ឌអនុគ្រោះរបស់គម្រោង ACSEP ព្រមទាំងនីតិវិធីដែលអាចទទួលបានឥណទាន ពីគម្រោង ACSEP ដល់សមាគមស្វាយចន្ទីកម្ពុជា, ក្រុមហ៊ុន,សហគ្រាស ដែលជាសមាជិករបស់សមាគម និងកសិករចិញ្ចឹមមាន់ស្រុក ដើម្បីពង្រឹង និងពង្រីកមុខរបអាជីវកម្មលើវិស័យកសិកម្ម។

កម្មវិធីនេះមានសមាសភាពចូលរួមចំនួន ៦៩នាក់ ក្នុងនោះបុគ្គលិកធនាគារ ARDB ការិយាល័យចល័តខេត្តកំពង់ធំ​ ក៏បានចូលរួមផងដែរ ក្រោមការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក​ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ។

សូមបញ្ជាក់ថា គម្រោង ACSEP ជាគម្រោងរបស់រាជរដ្ឋាភិបាលដែលនឹងចូលរួមចំណែក ក្នុងការពង្រឹងខ្សែច្រវាក់តម្លៃនៃផលិតផលកសិកម្មដែលមានលក្ខណៈប្រកួតប្រជែងមួយចំនួន មានដូចជា៖ ដំឡូងមី ផ្លែស្វាយ គ្រាប់ស្វាយចន្ទី បន្លែ និងមាន់ស្រុក ក្នុងខេត្តគោលដៅចំនួន ០៦ រួមមាន៖ សៀមរាប ខេត្តឧត្តរមានជ័យ ខេត្តកំពង់ចាម កំពង់ធំ ត្បូងឃ្មុំ និងព្រះវិហារ។

គម្រោងនេះនឹង៖-ជួយសម្រួលដល់ការទទួលបានឥណទានសម្រាប់សហគ្រាសកសិ-ឧស្សាហកម្ម និងសហគមន៍កសិកម្ម-ជួយលើកកម្ពស់ទំនាក់ទំនងទីផ្សារក្នុងចំណោមសហគ្រាសកសិ-ឧស្សាហកម្ម និងសហគមន៍កសិកម្ម និងលើកកម្ពស់សុវត្ថិភាព និងគុណភាពម្ហូបអាហារ និង-ធ្វើអោយប្រសើរឡើងនូវការតភ្ជាប់បណ្តាញផ្លូវដឹកជញ្ជូនពីកសិដ្ឋានផលិតទៅកាន់ទីផ្សារ។

គម្រោង ACSEP នឹងផ្តល់អត្ថប្រយោជន៍ដល់សហគមន៍កសិកម្មចំនួន ២៣០ (ប្រហែល ២៧,០០០ គ្រួសារ) និងកសិ-ឧស្សាហកម្មចំនួន ៥០ នៅក្នុងតំបន់គោលដៅគម្រោង៕

To Top