ព័ត៌មានជាតិ

មេទ័ពជើងគោកកម្ពុជា នឹងដឹកនាំប្រតិភូ អញ្ជើញទៅបំពេញ ទស្សនកិច្ចផ្លូវការ នៅជប៉ុន ៤ថ្ងៃ

ភ្នំពេញ៖ ដោយបានការអនុញ្ញាតពីក្រសួងការពារជាតិ និងអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នឹងដឹកនាំប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅជប៉ុនរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី៨-១១ កក្កដា ។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់កងទ័ពជើងគោក បានឲ្យដឹងថា ដំណើរទស្សនកិច្ចធ្វើឡើងតបតាមការអញ្ជើញរបស់ ឲនាយឧត្តមសេនីយ៍ យ៉ាស៊ីណូរី ម៉ូរីស៊ីភា (Yasunori Morishita) មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន ។

ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ នឹងជួបសម្តែងការគួរសម ជាមួយលោក មីណូរុ គណារ៉ា (Minoru Kihara) រដ្ឋមន្ត្រីការពារជាតិ នៃប្រទេសជប៉ុន និងនាយឧត្តមសេនីយ៍ យូស៊ីជា យូស៊ីហ៊ីជី (Yoshida Yoshihide) អគ្គសេនាធិការចម្រុះ នៃកងកម្លាំងស្វ័យ ការពារជប៉ុន ហើយនឹងជួបពិភាក្សាទ្វេភាគីជាមួយសមភាគី នាយឧត្តមសេនីយ៍ យ៉ាស៊ីណូរី ម៉ូរីស៊ីភា ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ សំដៅរួមចំណែក ពូនជ្រំ និងជម្រុញទំនាក់ទំនង “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កម្ពុជា-ជប៉ុន”។

គួររំលឹកផងដែរថា កងទ័ពជើងគោកកម្ពុជា-ជប៉ុន បានសម្រេចសមិទ្ធផល ប្រវត្តិសាស្ត្ររួមគឺ ឯកសារលក្ខខណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងកងស្វ័យ ការពារជើងគោកជប៉ុន” ដែលត្រូវបានចុះហត្ថលេខានៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០២៣ ៕

To Top