ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា មកទល់ពេលនេះ យានយន្តអគ្គិសនីបានចុះបញ្ជីផ្លូវការ ដោយក្រសួងសាធារណការ និងដឹកជញ្ជូន មានចំនួនសរុប ២ ៩៦៨គ្រឿង ដោយក្នុងនោះរួមមាន ទោចក្រយានយន្តចំនួន ៩១៤គ្រឿង ត្រីចក្រយានយន្តចំនួន ៤៤០គ្រឿង និង រថយន្តចំនួន ១ ៦១៤គ្រឿង ។
តាមរយៈគេហទំព័រហ្វេសប៊ុក របស់ក្រសួងសាធារណការ នៅថ្ងៃទី៩ខែកក្កដាឆ្នាំ២០២៤ បានបញ្ជាក់ថា ការចុះបញ្ជីយានយន្តអគ្គិសនី មានការកើនឡើង ជារៀងរាល់ថ្ងៃ ដោយប្រជាពលរដ្ឋ មានសុទិដ្ឋនិយមច្រើន និងបង្ហាញការចាប់អារម្មណ៍ខ្ពស់ ចំពោះការប្រើប្រាស់យានយន្តអគ្គិសនី ដែលជានិន្នាការថ្មី បើប្រៀបធៀបជាមួយការប្រើប្រាស់ យានយន្តប្រើប្រាស់ប្រេងឥន្ធនៈចំហេះ ក្នុងដែលជានិន្នាការចាស់ ។
ការប្រើប្រាស់យានយន្តអគ្គិសនី ត្រូវបានគេមើលឃើញថា ចំណាយប្រចាំថ្ងៃតិច មានផាសុកភាព កម្រិតបំពុលក្នុងបរិយាកាសទាប ហើយលើសពីនេះ ក្រុមហ៊ុនយានយន្តខ្លះបានអះអាងពីកម្រិតនៃការបំភាយឧស្ម័នពុលកម្រិតសូន្យថែមទៀត។ ទន្ទឹមនឹងនេះដែរ រាជរដ្ឋាភិបាលតាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន និង ក្រសួង ស្ថាប័នពាក់ព័ន្ធនានា បានប្រឹងប្រែងធ្វើឱ្យប្រសើរឡើង ចំនួនស្ថានីយសាកអាគុយកាន់តែច្រើន និងលក្ខខណ្ឌអំណោយ ផលផ្សេងៗទៀតកាន់តែប្រសើរ ។
យោងតាមតួលេខ នៃការចុះបញ្ជីយានយន្តអគ្គិសនី គិតត្រឹមរយៈពេល៦ខែ ឆ្នាំ២០២៤ ចំនួនយានយន្តរបស់ក្រុមហ៊ុន BYDឈរលើកំពូលតារាង ដែលមានចំនួន ៦៥៨ គ្រឿង យានយន្តម៉ាក TOYOTA ចំនួន ២៦១គ្រឿង និងម៉ាក TESLA ចំនួន ១៨៦គ្រឿង ព្រមទាំងម៉ាកផ្សេងៗទៀត៕