ព័ត៌មានជាតិ

ប្រធានរដ្ឋសភាកម្ពុជា នឹងដឹកនាំគណៈប្រតិភូ ទស្សនកិច្ចជាផ្លូវការ នៅថៃ ២ថ្ងៃ

" "

ភ្នំពេញ ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅថៃ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃ១១-១២កក្កដា​។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅថ្ងៃ១០ កក្កដា បានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះ តបតាមការអញ្ជើញរបស់លោក វ៉ាន់មូហាម៉ាត់ណ័រ មៈថា ប្រធានសភាតំណាងរាស្ត្រ និងជាប្រធានរដ្ឋសភាថៃ។ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ សម្តេចនឹងចូលក្រាបបង្គំគាល់ ព្រះបាទ មហា វ៉ាជីរ៉ាឡុងកន ព្រះវ៉ាជីរ៉ាក់ខ្លៅចៅយូហួរ ព្រះមហាក្សត្រថៃ និងសម្តេច ព្រះមហាក្សត្រី សុធីតាឡុងកន នៅព្រះបរមរាជវាំង។

" "

ទស្សនកិច្ចនេះដែរ សម្តេចក៏គ្រោងចូលជួបសម្តែង ការគួរសមជាមួយលោកសាស្ត្រាចារ្យ វិសេស ផនកេត វិឈិតធុនឆៃ ប្រធានព្រឹទ្ធសភា និងជួបប្រាស្រ័យជា មួយប្រធានរដ្ឋសភាថៃដើម្បីបន្តពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលមាន ស្រាប់រវាងស្ថាប័ននីតិប្បញ្ញត្តិនៃ ប្រទេសទាំងពីរទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគីឲ្យកាន់តែប្រសើរថែមទៀត។

" "

ដំណើរទស្សនកិច្ចទៅកាន់ប្រទេស ជិតខាងភូមិផងរបងជាមួយគ្នារបស់សម្តេច នៅថៃនាពេលនេះ នឹងជំរុញបន្ថែមទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីភាតរភាពជាអ្នកជិតខាងល្អ ចំណងមិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំងពីរ ៕

To Top