ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅព្រឹកថ្ងៃទី១០ កក្កដា បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងាររៀបចំទីតាំង ត្រៀមប្រារព្ធពិធីបើកការដ្ឋាន គម្រោងព្រែកជីកហ្វូណនតេជោ ស្ថិតនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាលដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៥ សីហា ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
សូមរំលឹកថា នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៩និង៩នាទីព្រឹក ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា បានណែនាំក្រសួង-ស្ថាប័ន រដ្ឋបាលរាជធានី-ខេត្ត និងប្រជាពលរដ្ឋ រៀបចំវាយគង ជួង រគាំង ទូងស្គរ ទះប៉ោត និងគោះត្រដោក ដើម្បីអបអរសាទរ ថ្ងៃបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ»៕