ព័ត៌មានជាតិ

ឆមាសទី១ ការត្រួតពិនិត្យ លក្ខណៈបច្ចេកទេស យានយន្ត មានជាង១១ម៉ឺនគ្រឿង

ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យ ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា ការត្រួតពិនិត្យលក្ខណៈបច្ចេក ទេសយានយន្ត(ឆៀក)នៅឆមាសទី១ ឆ្នាំ២០២៤ មានចំនួន១១៥.៨៣៨គ្រឿង កើនឡើងចំនួន៤១.៥៤៨គ្រឿង បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដែលមានរថយន្តមកឆៀកចំនួន ៧៤.២៩០គ្រឿង។

លោក ផន រឹម បានឲ្យដឹង នៅថ្ងៃ១០ កក្កដាថា ការត្រួតពិនិត្យលក្ខណៈបច្ចេកទេស យានជំនិះបានធ្វើឡើង ដោយអនុលោមតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដោយម្ចាស់យាន ឬអ្នកប្រើប្រាស់យានមានកាត្វកិច្ច យកយានរបស់ខ្លួនមកត្រួតពិនិត្យលក្ខណៈបច្ចេកទេស នៅតាមមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ឬឆៀកចល័ត។ គ្រប់រថយន្ត រ៉ឺម៉ក និងសឺមីរ៉ឺម៉ក ដែលធ្វើចរាចរណ៍លើផ្លូវថ្នល់ ត្រូវមានវិញ្ញាបនបត្រ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ចេញដោយក្រសួងសាធារណការ ឬក្រុមហ៊ុនដែលមានការអនុញ្ញាតពីក្រសួង។

លោកបន្តថា លតាបត្រ និងវិញ្ញាបនបត្រ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ សម្រាប់ប្រភេទយាននីមួយៗ មានសុពលភាពដូចជា រថយន្តថ្មីប្រភេទ រថយន្តគ្រួសារ រថយន្តដឹកទំនិញ ធុនស្រាល (PICK-UP) ប្រើប្រាស់ជាលក្ខណៈគ្រួសារ ដែលមិនទាន់ប្រើប្រាស់ មានសុពលភាព៤ឆ្នាំ , រថយន្តចាស់ប្រភេទរថយន្តគ្រួសារ រថយន្តដឹកទំនិញធុនស្រាល(PICK-UP)ប្រើប្រាស់ជាលក្ខណៈគ្រួសារដែលបានប្រើប្រាស់រួចហើយ មានសុពលភាព២ឆ្នាំ , រថយន្តថ្មីធ្វើអាជីវកម្មដឹកអ្នកដំណើរ ដឹកទំនិញ និងយានយន្តុបករណ៍ថ្មីដែលមិនទាន់ប្រើប្រាស់មានសុពលភាព២ឆ្នាំ , រថយន្តចាស់ធ្វើអាជីវកម្មដឹកអ្នកដំណើរ ដឹកទំនិញ និងយានយន្តុបករណ៍ចាស់ ដែលបានប្រើប្រាស់រួច ហើយមាន សុពលភាព១ឆ្នាំ , សឺមីរ៉ឺម៉ក រ៉ឺម៉កថ្មី ដែលមិនទាន់ប្រើប្រាស់មានសុពលភាព២ឆ្នាំ និងសឺមីរ៉ឺម៉កចាស់ រ៉ឺម៉កចាស់ ដែលបានប្រើប្រាស់រួចហើយ មានសុពលភាព១ឆ្នាំ។

អ្នកនាំពាក្យរូបនោះក៏បញ្ជាក់ពីអត្ថប្រយោជន៍ នៃការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តផងដែរ ដោយផ្តល់សុវត្ថិភាព ជូនអ្នកប្រើប្រាស់យានយន្ត , កាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ , រួមចំណែកការការពារ ហេដ្ឋារចនាសម្ពន័ ផ្លូវថ្នល់ និងស្ពាន , ប្រើប្រាស់រថយន្តបានយូរ ចំណេញពេលវេលា និងចំណាយថវិកាតិចក្នុងការជួសជុល , ការពារបរិស្ថាន(អនុវត្តតាមវិធានការគ្រប់គ្រង ទៅលើការបំពុលខ្យល់ពីយានយន្ត) ។ បន្ថែមលើនេះ សម្រាប់ការអនុវត្ត របស់សមត្ថកិច្ចនៅលើដងផ្លូវ (នគរបាលចរាចរណ៍) គាត់នឹងធ្វើការត្រួតពិនិត្យ ករណីយានយន្តមិនមានវិញ្ញាបន បត្រត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានជំនិះ សមត្ថកិច្ចនឹងធ្វើការផាកពិន័យ៕

To Top