ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ អង្គការណាតូ ដែលធ្វើផ្ទុយពី ចរន្តយុគសម័យមុខ ជានឹងទទួលបរាជ័យ ជាក់ជាមិនខាន

កិច្ចប្រជុំកំពូល នៃអង្គការណាតូ បានប្រារព្ធធ្វើនៅក្រុងវ៉ាស៊ីនតោន នៅថ្ងៃទី៩ខែកក្កដា តាមម៉ោងក្នុងតំបន់។ លោកStoltenbergអគ្គលេខាធិការ អង្គការណាតូបានថ្លែងថា “អង្គការណាតូត្រូវ ធ្វើកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធជាមួយដៃគូនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ”ដើម្បីទប់ស្កាត់ប្រទេសចិនជាដើម ។ ពាក្យសម្តីបែបនេះ ត្រូវបានគេយល់ឃើញ យ៉ាងទូលំទូលាយថា អង្គការណាតូគឺ យកប្រទេសចិនធ្វើជាលេស ដើម្បីសម្រេចបាននូវ ឧបាយកលដែលលូកដៃ ចូលតំបន់អាស៊ីប៉ាស៊ីហ្វិក និងគាំពារអនុត្តរភាពបែបអាមេរិក។

មជ្ឈដ្ឋានខាងក្រៅបានកត់សម្គាល់ឃើញថា ក្រោមបញ្ជា របស់អាមេរិក ប៉ុន្មានឆ្នាំចុងក្រោយនេះ កិច្ចប្រជុំកំពូលនៃអង្គការណាតូ បានចេញផ្សាយសេចក្តីថ្លែងការណ៍ ដោយឃោសនាបំប៉ោងយ៉ាង គឃ្លើននូវ”ការគំរាមកំហែងរបស់ចិន” ប៉ុនប៉ងចាត់ ទុកប្រទេសចិនទៅជា”សត្រូវស្រមើស្រមៃ” ដើម្បីគំរាមកំហែង បណ្តាប្រទេសនៅអាស៊ីប៉ាស៊ីហ្វិកឱ្យឈរនៅម្ខាងជាមួយខ្លួន។ថ្នាក់ដឹកនាំជប៉ុន កូរ៉េខាងត្បូង អូស្រ្តាលីនិងនូវែលសេឡង់ បានចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូដោយប្រក្រតី អាមេរិកក៏បានញុះញង់អុជ អាលឱ្យមានបដិបក្ខគ្នារវាងបណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិក ដើម្បីត្រៀមពន្លឿនការជ្រៀតជ្រែក កិច្ចការអាស៊ីប៉ាស៊ីហ្វិក តាមរយៈមធ្យោបាយយោធា។

បើមើលពីសំបកក្រៅ សកម្មភាពរបស់អាមេរិកក្នុងការបង្កើត” អង្គការណាតូមួយទៀត នៅអាស៊ីប៉ាស៊ីហ្វិក” បានធ្វើឡើងជាបន្តបន្ទាប់ ប៉ុន្តែ តាមពិតទៅ វាពិបាកណាស់ក្នុងការបង្កើតក្រុមសម្ព័ន្ធមិត្ត ដែលសំដៅចំពោះ ប្រទេសចិននៅទ្វីបអាស៊ី ហើយក៏កាន់តែគ្មានលទ្ធភាពបង្កើត អ្វីដែលហៅថានិម្មាបនកម្មសន្តិសុខថ្មី នៅតំបន់អាស៊ីប៉ាស៊ីហ្វិកនោះដែរ ។

ជាបឋម ប្រទេសភាគច្រើននៅតំបន់អាស៊ីប៉ាស៊ីហ្វិក មិនទទួលយកនិងមិន ស្វាគមន៍ឡើយ ។ អាមេរិកបានចាត់ទុក អង្គការណាតូ ជាឧបករណ៍យុទ្ធសាស្រ្ត សម្រាប់គាំពារ អនុត្តរភាពរបស់ខ្លួន ប៉ុន្តែ ប្រទេសភាគច្រើននៅតំបន់អាស៊ីប៉ាស៊ីហ្វិក គឺ ស្អប់ខ្ពើមនិងប្រឆាំងអនុត្តរភាព ពួកគេមិនអាចទទួលយកអង្គការណាតូ មួយដែលដាក់អនុត្តរភាពទៅលើ អាស៊ីប៉ាស៊ីហ្វិកដោយបង្ខំបានទេ។

បើមើលពីការពិត ជាក់ស្តែង បច្ចុប្បន្ននេះ ការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែន បានអូសបន្លាយជាបន្តបន្ទាប់ វាមានទំនាក់ទំនង ដោយផ្ទាល់ជាមួយអង្គការណាតូ ដែលបានយកសាំងមកចាក់លើភ្លើងឥតឈប់ឈរ។ ប្រការទាំងនេះបានបង្ហាញសញ្ញាប្រកាសអាសន្នទៅកាន់ប្រទេសអាស៊ីប៉ាស៊ីហ្វិកទាំងឡាយ។ ពេលថ្មីៗនេះ លោក Orbán Viktorនាយករដ្ឋមន្រ្តីហុងគ្រី បានចេញផ្សាយអត្ថបទនៅ«News Week»អាមេរិក ដោយព្រមានថា ប្រសិនបើអង្គការណាតូ បានជ្រើសរើស ការប៉ះទង្គិច តែមិនមែនកិច្ចសហប្រតិបត្តិការ ជ្រើសរើសសង្រ្គាម តែមិនមែនសន្តិភាព នោះ វាហាក់ដូចជាការធ្វើអត្តឃាតខ្លួនឯង។

ទី២ នៅផ្ទៃក្នុងអង្គការណាតូ រដ្ឋសមាជិកដែលធ្វើពហិការចំពោះការលូកដៃចូលអាស៊ីប៉ាស៊ីហ្វិកក៏មិនតិចដែរ រដ្ឋសមាជិកនៅអឺរ៉ុបរបស់អង្គការណាតូរំពឹងថា អង្គការណាតូអាចផ្តោតសំខាន់លើបញ្ហាសន្តិសុខរបស់ខ្លួន។ ពួកគេសម្គាល់ឃើញថា ការប្រើប្រាស់ប្រភពធនធាន របស់ប្រទេសខ្លួននៅតំបន់អាស៊ីប៉ាស៊ីហ្វិក វានឹងកាត់កម្សោយមុខងារ សន្តិសុខរបស់អង្គការណាតូនៅទ្វីបអឺរ៉ុប។ លោកម៉ាក្រុង ប្រធានាធិបតីបារាំង បានរំលឹកឡើងវិញជាច្រើនលើកថា អឺរ៉ុបគួរស្វែងរក”ភាពម្ចាស់ការខាងយុទ្ធសាស្រ្ត”។នៅឆ្នាំ២០២៣ លោកក៏បានព្រមានជាសាធារណៈថា អង្គការណាតូមិនត្រូវពង្រីកធំទៅខាងក្រៅអាត្លង់ទិកខាងជើងទេ។

ព្រមពេលជាមួយគ្នានេះ ទោះបីជាអង្គការណាតូឃោសនាបំប៉ោងយ៉ាងគឃ្លើនពី”ការគំរាមកំហែងរបស់ចិន”ក៏ដោយ ក៏នៅផ្ទៃក្នុងអង្គការនេះ រដ្ឋសមាជិកភាគច្រើន បានរក្សាទំនាក់ទំនងយ៉ាងនឹងនរជាមួយប្រទេសចិន ហើយប្រទេសភាគ ច្រើននៅតំបន់ អាស៊ីប៉ាស៊ីហ្វិក ក៏ឯកភាពគ្នាថា ប្រទេសចិនជាយុថ្កានៃស្ថិរភាព និងវិបុលភាពរបស់តំបន់និង ពិភពលោកទាំងមូល។ រីឯអង្គការណាតូបានអូសទាញជប៉ុន កូរ៉េខាងត្បូង អូស្រ្តាលីនិងនូវែលសេឡង់ជាដើម គឺមានការគិតពិចារណាពីផលប្រយោជន៍រៀងៗខ្លួន វាពិបាកណាស់ទៅលះបង់ ចោលកិច្ចសហប្រតិបត្តិការ ជាក់ស្តែងជាមួយចិន ដើម្បីផ្គាប់ចិត្តអាមេរិក។

មិនថាអង្គការណាតូបានឃោសនា បំប៉ោងយ៉ាងណាក៏ដោយ ក៏វាមិនអាចបិទបាំងការពិតដែលខ្លួនឯង ទើបជាប្រភពគំរាមកំហែងដល់ស្ថិរភាពពិភពលោក នោះឡើយ។អ្វីដែលហៅថា យុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិក របស់អង្គការណាតូ គ្រាន់តែជាផែនការមួយដែលប៉ុនប៉ងចង់បង្កការបែកបាក់គ្នា ការប៉ះទង្គិចរហូតដល់សង្រ្គាម ក្នុងគោលបំណងបម្រើ ដល់អនុត្តរភាពអាមេរិក។ អង្គការណាតូដែលធ្វើផ្ទុយពីចរន្តយុគសម័យ ទីបំផុត វាពិតជានឹងទទួលបរាជ័យ ជាក់ជាមិនខាន៕

To Top