ព័ត៌មានជាតិ

អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ យុវជនកើតក្នុងសម័យនេះ មានសំណាងជាងយុវជន ជំនាន់មុនឆ្ងាយណាស់

ភ្នំពេញ ៖ ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា យុវជនខ្មែរដែលកើតក្រោយសម័យសង្គ្រាម មានឱកាសនិងអំណោយ ផលគ្រប់បែបយ៉ាង ក្នុងការសិក្សារៀនសូត្រ ក្នុងសុខសន្តិភាព និងទទួលបានផ្លែផ្កាពីការអភិវឌ្ឍ ដែលផ្ទុយស្រឡះពីយុវជន កើតក្នុងសម័យសង្គ្រាម ត្រូវរស់នៅឆ្លងកាត់ការរត់គេច ពីគ្រាប់ផ្លោង មិនបានរៀនសូត្រ គ្មានចំណីអាហារគ្រប់គ្រាន់ រស់ក្នុងភាពភ័យខ្លាច និងលំបាកលំបិនជាប្រចាំ។

ការលើកឡើងរបស់ លោក ប៉ែន បូណា ក្នុងឱកាសចូលរួមផ្តល់បាឋកថា ស្តីពី «ការចូលរួមរបស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាថ្ងៃ១០ កក្កដា ដោយមានការអញ្ជើញចូលរួមជាវាគ្មិនផងដែរពីលោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកសាស្ត្រាចារ្យ ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

លោក ប៉ែន បូណា បានផ្តាំផ្ញើដល់យុវជនជំនាន់ក្រោយ ត្រូវចេះចាប់យកឱកាសដ៏អំណោយផលនេះ កុំទម្រន់ កុំខ្ជិល ឬ Drama ច្រើនពេក ហើយត្រូវខិតខំរៀនសូត្រ ចាប់យកជំនាញវិជ្ជាជីវៈមួយឲ្យច្បាស់ ឲ្យខ្លាំង ឲ្យពូកែ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដើម្បីក្លាយខ្លួនជាមូលធនមនុស្សពិតប្រាកដ។

លោកគូសបញ្ជាក់ថា ទម្រាំស្តារប្រទេសឡើងវិញ និងអភិវឌ្ឍន៍ដូចសព្វថ្ងៃ ថ្នាក់ដឹកនាំរៀមច្បងបានលះបង់ធំធេង ដូច្នេះយុវជនត្រូវខិតខំថែរក្សា សុខសន្តិភាព ស្ថិរភាពសង្គម និង បន្តអភិវឌ្ឍន៍ទៅមុខ ដើម្បីសម្រេចចក្ខុវិស័យ កម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដោយមិនអនុញ្ញាតឲ្យប្រទេសវិលថយក្រោយទៅរកអតីតកាលវិញជាដាច់ខាត៕

To Top