ព័ត៌មានអន្តរជាតិ

រាជរដ្ឋាភិបាល នឹងបន្តគាំទ្រការអនុវត្តគម្រោង JMAS ដើម្បីលើកកម្ពស់ជីវិភាពរស់នៅពលរដ្ឋ ក្រោយបោសសម្អាតមីនរួច

ភ្នំពេញ ៖ លោក លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តគាំទ្រដល់ការ អនុវត្តគម្រោងរបស់ JMAS ដើម្បីរួមចំណែកលើកកម្ពស់ដល់ជីវិភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅតាមសហគមន៍ ក្រោយបោសសម្អាតមីនរួច។

ការលើកឡើងរបស់លោក លី ធុជ នាឱកាសអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោក YAMAZAKI Koji ប្រធាន JMAS និងសហការី ដើម្បីពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យសកម្មភាពមីននៅកម្ពុជានាថ្ងៃ១០ កក្កដា។

ក្នុងជំនួបនោះ លោក YAMAZAKI Koji បានលើកឡើងពីការគាំទ្ររបស់ JMAS រយៈពេល២២ឆ្នាំ ចាប់តាំងពីឆ្នាំ២០០២ ក្នុងសកម្មភាពបោសសម្អាតមីន និងគ្រាប់ និងការអភិវឌ្ឍសហគមន៍ក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ និងស្ទឹងត្រែង ដោយរំដោះបានផ្ទៃដីប្រមាណជា៦៥គីឡូម៉ែត្រក្រឡា រកឃើញនិងកំទេចចោលគ្រាប់មីនចំនួន ២១១៨៨គ្រាប់ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ៣៩៦៣៦៤ គ្រាប់។

លោក YAMAZAKI Koji ថា JMAS នឹងបន្តពង្រីកគម្រោងបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមបន្ថែមទៀត ស្របតាមផែនការយុទ្ធសាស្រ្តជាតិកម្ពុជា ព្រមទាំងស្នើសុំកម្ពុជាឲ្យបន្តផ្តល់នូវកិច្ចសហការ និងគាំទ្រនូវគម្រោងទាំងនេះ។

ជាងនេះទៅទៀត លោក YAMAZAKI Koji បានទទួលស្គាល់ចំពោះសមិទ្ធផលសម្រេចបានរបស់កម្ពុជាក្នុងវិស័យសកម្មភាពមីន និងវាយតម្លៃខ្ពស់ចំពោះសមត្ថភាពបោសសម្អាតមីនរបស់កម្ពុជា ក្នុងការចែករំលែកជំនាញទៅកាន់ពិភពលោក។

លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណចំពោះការរួមចំណែក និងការគាំទ្ររបស់អង្គការ JMAS ជប៉ុន រយៈពេល ២២ឆ្នាំ ក្នុងសកម្មភាពបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមក្នុងខេត្តចំនួន៣ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះគម្រោងបោសសម្អាតមីន ដើម្បីអភិវឌ្ឍន៍សហគមន៍នៅនឹងកន្លែងរបស់ JMAS ដូចជាហេដ្ឋារចនាសម្ព័ន្ធ សាលារៀន និងកសិកម្ម ជាដើម។ ការចូលរួមរបស់ JMAS ពិតជាបានរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ផ្តល់ដីសុវត្ថិភាព និងលើកកម្ពស់វិស័យកសិកម្ម។

លោកទេសរដ្ឋមន្រ្តីបញ្ជាក់ថា កាលពីដំណើរទស្សនកិច្ចសកម្មភាពរបស់ JMAS ក្នុងខេត្តស្ទឹងត្រែង នាចុងឆ្នាំ២០២១ លោកបានឃើញយ៉ាង ច្បាស់ពីការយកចិត្តទុកដាក់ក្នុងការអនុវត្តគម្រោងរបស់ JMAS ក្រោមកិច្ចសហការ ជាមួយអង្គភាពស៊ីម៉ាក់ ដែលពិតជាបានឆ្លើយតប នឹងតម្រូវការជាក់ស្តែង របស់សហគមន៍តាមកម្មវិធីបណ្តុះបណ្តាល ក្នុងវិស័យកសិកម្មដល់សហគមន៍ លើដីបោសសម្អាតរួច។

លោកទេសរដ្ឋមន្រ្តី មានប្រសាសន៍ថា «រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី នឹងបន្តគាំទ្រដល់ការអនុវត្តគម្រោងរបស់ JMAS ដើម្បីរួមចំណែកលើកកម្ពស់ដល់ជីវិភាព រស់នៅរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍ ក្រោយបោសសម្អាតមីនរួច ព្រមទាំងបានបញ្ជាក់ថា កម្ពុជា និងជប៉ុន នឹងបន្តរក្សានូវទំនាក់ទំនង និងវឌ្ឍនភាពរួមគ្នាលើវិស័យសកម្មភាពមីន»៕

To Top