ព័ត៌មានជាតិ

ប្រមុខការទូតខ្មែរ ផ្តាំឲ្យនិស្សិត JDS គប្បីស្វែងយល់ប្រវត្តិសាស្រ្ត វប្បធម៌របស់ជប៉ុន ដើម្បីបង្កើតមិត្តភាព និងទំនាក់ទំនងល្អរវាងកម្ពុជា-ជប៉ុន

ភ្នំពេញ៖ លោក សុខ ចិន្ដាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា បានផ្តាំផ្ញើឲ្យនិស្សិត អាហារូបករណ៍ ទៅសិក្សានៅជប៉ុន (JDS) គប្បីស្វែងយល់អំពីប្រវត្តិសាស្រ្ត និងវប្បធម៌របស់ប្រទេសជប៉ុនផងដែរ ដើម្បីបង្កើតមិត្តភាព និងទំនាក់ទំនងល្អបន្ថែមទៀតរវាងកម្ពុជា-ជប៉ុន។

ការថ្លែងផ្ដាំផ្ញើរបស់ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្ដាសោភា ធ្វើឡើងនាថ្ងៃទី១០ កក្កដា ក្នុងឱកាសអនុញ្ញាតឲ្យជ័យ លាភីចំនួន២៥រូប មកពីក្រសួង/ស្ថាប័ន ចំនួន១៤ ដែលប្រឡង ជាប់អាហារូបករណ៍ អភិវឌ្ឍន៍ធនធានមនុស្ស របស់រដ្ឋាភិបាលជប៉ុន (JDS) សម្រាប់ថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ។

ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្រ្តី បានអបអរសាទរ ចំពោះជ័យលាភីទាំង ២៥រូប និងបានលើកទឹកចិត្តនិស្សិត ទាំងអស់ខិត ខំប្រឹងប្រែងរៀនសូត្រ ហើយពាំនាំយកចំណេះដឹង និងជំនាញត្រឡប់មកវិញ ដើម្បីចូលរួមចំណែក ក្នុងការអភិវឌ្ឍប្រទេសជាតិ។

ប្រមុខការទូតខ្មែរបានផ្តល់ការណែនាំឲ្យជ័យលាភីទាំងអស់ ស្គាល់ច្បាស់ពីអត្តសញ្ញាណ ប្រវត្តិសាស្រ្ត វប្បធម៌ និងអរិយធម៌របស់កម្ពុជា ដើម្បីចូលរួមលើក ស្ទួយមុខមាត់ប្រទេស ក៏ដូចជាផ្សព្វផ្សាយវប្បធម៌ និងអរិយធម៌ដ៏ផូផង់ របស់កម្ពុជា ដល់និស្សិតម្ចាស់ផ្ទះ និសិ្សតបរទេស ព្រមទាំងជនជាតិជប៉ុន និងជនបរទេសផ្សេងទៀតនៅជប៉ុន។

ទន្ទឹមនេះលោកឧបនាយករដ្ឋមន្រ្តី ក៏បានណែនាំឲ្យជ័យលាភីទាំងអស់ ចេះជួយយកអាសារគ្នាទៅវិញទៅមក ដូចពាក្យចាស់ពោលថា “នៅផ្ទះម្តាយទីទៃ នៅព្រៃ ម្តាយតែមួយ” ។

ជាមួយគ្នានោះដែរតំណាងជ័យលាភី បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកឧបនាយករដ្ឋមន្ត្រី ដែលបានផ្ដល់ដំបូន្មានដ៏ថ្លៃថ្លា និង បានប្ដេជ្ញាចិត្តខិតខំប្រឹងប្រែងរៀនសូត្រ ក្រេបយកចំណេះដឹងទូលំទូលាយ ក្នុងជំនាញរបស់ខ្លួន ដើម្បីចូលរួមចំណែក ដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា ៕

To Top