ព័ត៌មានជាតិ

តំណាងសភា​ ពាណិជ្ជកម្មកម្ពុជា នៅទីក្រុងម៉ែលប៊ន ប្តេជ្ញាជំរុញការ វិនិយោគរវាងកម្ពុជា និងអូស្ត្រាលី

ភ្នំពេញ៖ លោក តាំង សិទ្ធី (Sith Tee Tan) ប្រធានការិយាល័យតំណាង សភាពាណិជ្ជកម្មកម្ពុជា នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី បានប្ដេជ្ញាស្វែង រកនូវឱកាសក្នុងការជំរុញ និងផ្សារភ្ជាប់ទំនាក់ទំនង នៃការវិនិយោគរវាងវិស័យឯកជនកម្ពុជា-អូស្ត្រាលី ។

ការប្ដេជ្ញារបស់ លោក តាំង សិទ្ធី ធ្វើឡើងក្នុងឱកាសទទួលបានការអនុញ្ញាត ចូលជួបពិភាក្សាការងារជាមួយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ នៅវិមានសន្តិភាព ។

ក្នុងជំនួបនោះលោក តាំង សិទ្ធី បានគោរពជម្រាបជូនសម្ដេចធិបតីថា «គោលបំណងនៃដំណើរទស្សនកិច្ចរបស់លោក និង គណៈប្រតិភូ គឺដើម្បីស្វែងយល់ បន្ថែមទៀត អំពីសក្ដានុពល និងកាលានុវត្តភាព នៃធុរកិច្ច និង​ការវិនិយោគរបស់កម្ពុជា, គោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការទាក់ទាញវិនិយោគ, និងស្វែងរកនូវឱកាសក្នុងការជំរុញ និងផ្សារភ្ជាប់ទំនាក់ទំនង នៃការវិនិយោគរវាងវិស័យឯកជននៃព្រះរាជាណាចក្រកម្ពុជា និងវិស័យឯកជននៃប្រទេសអូស្ត្រាលី ជាពិសេសលើការវិនិយោគក្នុងវិស័យកែច្នៃចំណីអាហារ និងកសិកម្ម ក៏ដូចជាវិស័យផ្សេងៗជាច្រើនទៀត» ។

សម្ដេចធិបតី បានគូសបញ្ជាក់ថា ការរៀបចំឱ្យមានសភាពាណិជ្ជកម្មកម្ពុជាក្រុងម៉ែលប៊ន ក៏ដូចជាទីក្រុងស៊ីដនី គឺជាភាពរីកចម្រើនដ៏ល្អមួយ ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងរាជរដ្ឋាភិបាល និងរដ្ឋាភិបាល ក៏ដូចជាធុរកិច្ច និងធុរកិច្ចនៃប្រទេសទាំងពីរ ដើម្បីជួយសម្របសម្រួលដល់ការធ្វើធុរកិច្ច ការធ្វើពាណិជ្ជកម្ម និងភ្ជាប់ទំនាក់ទំនងរវាងវិនិយោគិន និងវិនិយោគិន​រវាងប្រទេសទាំងពីរផងដែរ។ ព្រមជាមួយគ្នានេះ សម្ដេចធិបតី ក៏បានគូសបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយ ដើម្បីធានានូវបរិយាកាសធុរកិច្ចល្អប្រសើរ និងធានាបាននូវភាពប្រកួតប្រជែងរបស់កម្ពុជា តាមរយៈការអនុវត្តច្បាប់វិនិយោគ និងការដាក់ចេញនូវយន្តការដែលមានភាពបត់បែន ដើម្បីផ្តល់ការគាំទ្រ ការលើកទឹកចិត្ត និងឆ្លើយតបទៅនឹង តម្រូវការរបស់វិនិយោគិន និងវិស័យឯកជននៅព្រះរាជាណាចក្រកម្ពុជា។

សម្ដេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់តម្លៃខ្ពស់ចំពោះតួនាទីរបស់វិស័យឯកជន ដែលជាដៃគូ និងជាប្រតិបត្តិករដ៏សំខាន់ ក្នុងការរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើនបន្ថែមទៀត។ ក្នុងន័យនេះ សម្តេចធិបតី បានគូសរំលេចថា ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល គឺដើម្បីរក្សាបាននូវកំណើនសេដ្ឋកិច្ច, ការកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច ក្នុងគោលដៅលើកកម្ពស់នូវជីវភាពរបស់ប្រជាជនកម្ពុជា។

ក្រៅពីនេះ សម្ដេចធិបតីបានគូសបញ្ជាក់ថា កម្ពុជាក៏មានសក្តានុពល ក្នុងការផ្សារភ្ជាប់ទៅទីផ្សារនៅក្នុងតំបន់ និងអន្តរជាតិផងដែរ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីជាមួយនឹងបណ្ដាប្រទេស ជាច្រើន រួមមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀងភាពជា ដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ក៏ដូចជា ក្របខ័ណ្ឌអាស៊ាន និងកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចតំបន់គ្រប់ជ្រុងជ្រោយ (RCEP) ដែលនេះក៏ជាឱកាសដែលមានសក្ដានុពល សម្រាប់ការវិនិយោគនៅកម្ពុជាផងដែរ។

សម្ដេចធិបតី ក៏បានបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការរក្សាបាននូវស្ថិរភាព សុវត្ថិភាព និងសន្តិសុខសម្រាប់បណ្តាវិនិយោគិនដែលកំពុង​តែដំណើរការបោះទុនវិនិយោគ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការយកចិត្តទុកដាក់ ក្នុងការបណ្តុះបណ្តាលជំនាញ ដែលបម្រើដល់វិស័យ ឧស្សាហកម្ម ដូចជាយានយន្ត, អេឡិចត្រូនិក, ឌីជីថល និងបច្ចេកវិទ្យា ដើម្បីឆ្លើយតបទៅនឹង ទីផ្សារការងារបច្ចុប្បន្ន និងអនាគត ស្របតាមការរីកចម្រើន របស់ពិភពលោក ។

សម្ដេចធិបតី ក៏បានលើកទឹកចិត្ត ដល់ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី សិក្សាស្វែងយល់ពីឱកាស ក្នុងការធ្វើធុរកិច្ច និងការវិនិយោគ​ លើវិស័យដែលមានសក្កានុពលសំខាន់ៗដូចជា៖ វិស័យកសិកម្ម កសិឧស្សាហកម្ម ថាមពលកកើតឡើងវិញ ឌីជីថល អប់រំ និងសុខាភិបាល ព្រមទាំងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ក្នុងការផ្សព្វផ្សាយកាលានុវត្តភាពសម្រាប់ធុរកិច្ច និងពាណិជ្ជកម្ម រវាងប្រទេសកម្ពុជា និងអូស្ត្រាលី ៕

To Top