ព័ត៌មានអន្តរជាតិ

ហេតុអ្វីបានជា «China Travel» បានក្លាយទៅ ជាការពេញ​និយមខ្លាំង របស់ទេសចរបរទេស ?

«ការធ្វើទេសចរណ៍នៅចិន CityមិនCity ?» នេះជាឃ្លាពេញនិយមតាមបណ្តាញទំនាក់ទំនងចិន និងបរទេសក្នុង មួយរយៈកាលកន្លងទៅនេះ ។ ពាក្យថា City នៅទីនេះមានន័យថា ឡូយឬទាន់សម័យ CityមិនCity ? មានន័យថា ឡូយអត់ ? ទាន់សម័យអត់ ? ពាក្យនេះបានលេចឡើងក្នុងវីដេអូឃ្លីប របស់ភ្ញៀវទេសចរបរទេស ដែលបានធ្វើដំណើរកម្សាន្ត នៅប្រទេសចិន ហើយបានរៀបរាប់ពីអ្វី ដែលខ្លួនបានឃើញ បានស្គាល់នៅប្រទេសចិន តាមគណនីបណ្តាញ ទំនាក់ទំនងសង្គមរបស់ខ្លួន ដែលមានការចុច Like និងចែករំលែកយ៉ាងច្រើន ពីអ្នកប្រើអ៊ីនធឺណិតចិននិងបរទេស ។

តាមពិតទៅ ភាពពេញនិយម នៃការធ្វើដំណើរកម្សាន្ត នៅប្រទេសចិន មិនមែនជារឿងចៃដន្យទេ ពីព្រោះថា និយាយចំពោះប្រទេសចិន ដែលមានទឹកដីធំទូលាយ មានសណ្ឋានដីប្លែកៗ ព្រមទាំងមានប្រវតិ្តសាស្ត្រ អរិយធម៌ និងវប្បធម៌ដ៏យូរលង់ គឺសម្បូរទៅដោយធនធាន ទេសចរណ៍រាប់មិនអស់ ។ ពិសេសក្នុង យុគសម័យថ្មី ផលិតផលទេសចរណ៍ច្នៃប្រឌិតថ្មី បានត្រូវបង្កើតឡើងជាបន្តបន្ទាប់ ដែលអាចបំពេញ តាមតម្រូវការផ្សេងៗ របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលចិន បានចាត់វិធានការជាច្រើន ដើម្បីខិតខំកែលម្អ បរិយាកាសទេសចរណ៍ ដើម្បីផ្តល់ភាព កាន់តែងាយស្រួល និងកាន់ តែប្រកប ដោយផាសុកភាព ជូនចំពោះភ្ញៀវទេសចរ គ្រប់រូប ពិសេសទេសចរបរទេស ក្នុងន័យញ៉ាំងឱ្យភ្ញៀវទេសចរ បរទេសទាំងឡាយអាចចែករំលែក នូវធនធាននិងផលិតផលទេសចរណ៍ ដ៏សម្បូរបែបរបស់ចិន ដោយភាពសប្បាយរីករាយ និងពេញចិត្តពេញថ្លើម ។ ក្នុងចំណោមវិធានការទាំងនេះ ការកែសម្រួលរបៀបទូទាត់ទទួលបាន សមិទ្ធផលដ៏លេចធ្លោក្នុងរយៈពេលចុងក្រោយនេះ ពោលគឺ ភ្ញៀវទេសចរបរទេសអាចទូទាត់ តាមកម្មវិធីទូទាត់នៃឧបករណ៍ចល័ត មិនថាធ្វើដំណើរទៅដល់ទីកន្លែងណា នៅទូទាំងប្រទេសចិន ដែលមានន័យថា ពេលធ្វើដំណើរកម្សាន្ត នៅប្រទេសចិន ទេសចរបរទេស មិនបាច់ប្តូរប្រាក់ជាមុនទេ គ្រាន់តែភ្ជាប់កាតធនាគារ ជាមួយកម្មវិធីទូទាត់ តាមឧបករណ៍ចល័ត របស់ចិនក៏អាចទូទាត់តាមប្រព័ន្ធអេឡិច ត្រូនិកបានយ៉ាងងាយស្រួល ។

ក្នុងឆ្នាំ ២០២៤ នេះ ចំនួនភ្ញៀវទេសចរបរទេស ដែលចូលទស្សនាប្រទេសចិនមានការកើនឡើងយ៉ាងច្រើន បើតាមអ្នកនាំពាក្យ នៃក្រសួងការបរទេសចិន ឱ្យដឹងថា តាមទិន្នន័យស្ថិតិ នៃស្ថាប័នពាក់ព័ន្ធបង្ហាញ ក្នុងឆមាសទីមួយឆ្នាំនេះ មានអ្នកដំណើរបរទេសចូលដែនចិនសរុប ១៤.៦៣៥.០០០ នាក់ ដែលកើនឡើង ១៥២.៧% បើប្រៀបធៀប នឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៣ ។ ក្នុងនោះ អ្នកដំណើរបរទេស ដែលចូលដែនចិន ដោយមិនបាច់ ធ្វើទិដ្ឋាការមានចំនួន ៨.៥៤២.០០០ នាក់ កើនឡើង ១៩០.៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៣ ។ ស្របនឹងពេលដែលប្រទេសចិន បានអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការ ទៅវិញទៅមក ឬដោយឯកតោភាគី ចំពោះប្រទេសកាន់តែច្រើនឡើងៗ បូករួមទាំងវិធានការ កែសម្រួលការ ចេញ-ចូលដែនចិន អ្នកដំណើរបរទេស ដែលទទួលបានផលប្រយោជន៍ ពីគោលនយោបាយលើកលែងទិដ្ឋាការ របស់ចិនអាចចេញ-ចូលប្រទេសចិន យ៉ាងងាយស្រួលនិងរលូន ។

ក្រៅពីគោលនយោបាយរបស់រដ្ឋាភិបាល រដ្ឋបាលតំបន់នានា នៃប្រទេសចិនក៏បានដាក់ចេញនូវវិធានការជាច្រើន ដើម្បីជំរុញវិស័យទេសចរណ៍ ។ ផលិតផលទេសចរណ៍ ដែលមានលក្ខណៈពិសេសប្រចាំតំបន់បានត្រូវដាក់ចេញ ជាបន្តបន្ទាប់ដោយ អនុលោម តាមលក្ខខណ្ឌ នៃធនធានទេសចរណ៍ ក្នុងតំបន់ ដូចជានៅឯសមុទ្រខ្សាច់នៅភាគពាយព្យ យើងអាចកម្សាន្តសប្បាយជាមួយកម្មវិធីកម្សាន្តលើខ្សាច់ និងរីករាយជាមួយការប្រគំតន្ត្រី លើវាលខ្សាច់ នៅពេលយប់ , ក្នុងរដូវរងានៅឯភាគឦសាន ចម្លាក់ទឹកកកនិងកម្មវិធីកម្សាន្តជាមួយទឹកកក បានញ៉ាំងឱ្យភ្ញៀវទេសចរជក់ចិត្តមិនចង់ចាកចេញ , នៅឯភាគខាងជើង យើងអាចរៀនជិះសេះបំផាយ លើវាលស្មៅ និងដកបទពិសោធជាមួយល្បែងកម្សាន្តលើវាលស្មៅ , នៅឯភាគខាងលិច ដែលភាគច្រើនជាតំបន់ខ្ពស់រាប យើងអាចដកបទពិសោធ ពីវប្បធម៌និងប្រពៃណីទំនៀមទម្លាប់ ដ៏សម្បូរបែបរបស់ជនជាតិភាគតិច , នៅឯភាគខាងត្បូង យើងអាចស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីចិន ដើរកម្សាន្តក្នុងភូមិបុរាណ និងទីកន្លែងជាច្រើនដែលមានសំណង់រចនាបថបុរាណ ដើម្បីទទួលបទពិសោធ ពីការ«ឆ្លងភព»ទៅកាន់សម័យបុរាណរបស់ចិន ។ល។

ជារួម មិនថាយើង ចូលចិត្តភាព ទំនើបទាន់សម័យនៃទីក្រុង ឬភាពសាមញ្ញនៃជនបទ , មិនថាយើងចូលចិត្ត បច្ចេកវិទ្យាជឿនលឿន ឬទំនៀមទម្លាប់និង វប្បធម៌ប្រពៃណី , មិនថាយើងចូល ចិត្តការផ្សងព្រេង ឬការសម្រាកលំហែកាយ ។ល។ ផលិតផលទេសចរណ៍ដ៏សម្បូរ បែបរបស់ប្រទេសចិន អាចបំពេញតាមតម្រូវការទាំងអស់ ។ ពិសេសគឺការច្នៃប្រឌិតថ្មី ផ្នែកទេសចរណ៍វប្បធម៌ នៃតំបន់នានារបស់ចិន នឹងធ្វើឱ្យភ្ញៀវទេសចរជាតិនិង អន្តរជាតិទទួលបាននូវបទពិសោធនិងចំណេះដឹងខាងវប្បធម៌ចិន ក្នុងពេលដំណាលគ្នាជាមួយនឹងការដើរទស្សនាទេសភាពធម្មជាតិ បុរាណដ្ឋាន ឬទីក្រុងទំនើបទាន់សម័យ ។
បច្ចុប្បន្ន ការធ្វើទេសចរណ៍ ជាលក្ខណៈ«City wakl» ឬ«Country walk» ( ការដើរទស្សនាទីក្រុងឬជនបទ ) ក្នុងប្រទេសចិន ទទួលបាន ការពេញនិយម ក្នុងចំណោមយុវជនចិន និងភ្ញៀវទេសចរ បរទេស ជាច្រើន ដោយសារពួកគេយល់ឃើញថា របៀបដើរកម្សាន្តដោយមិនកំណត់គោលដៅ ឬរមណីយដ្ឋាន ណាមួយ ពោល គឺដើរឈប់ដើរឈប់ មើលនេះមើលនោះ ដោយមិនបង្ខំស្រូតដំណើរ ទៅណា វានឹងធ្វើឱ្យពួកគេស្វែងយល់ បានកាន់តែច្បាស់ពីទីកន្លែង ដែលពួកគេបានទៅដល់ ពិសេសពួកគេអាចមើលឃើញអ្វីៗដែលប្លែក ពីការដើរកម្សាន្តតាមរមណីយដ្ឋាន ។ ជារួម មិនថាដើរកម្សាន្តតាមរបៀបណាក្តី ក៏គ្រប់ទីកន្លែង នៃប្រទេសចិននឹងបន្សល់ទុកនូវអនុស្សាវរីយ៍ ដ៏វិសេសវិសាលសម្រាប់ទេសចរគ្រប់រូប ដែលអាចនិយាយបានថា «China Travel» ពិតជា City!

អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន

To Top