ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ដល់អនុសាសន៍ ឱ្យរដ្ឋបាលរាជធានី ខេត្ត ទូទាំងប្រទេស យកចិត្តទុកដាក់ទាក់ទាញ និងចូលរួមគាំទ្រ គម្រោងវិនិយោគ ជាមួយវិស័យឯកជន ដើម្បីបង្កើតមណ្ឌលព្យាបាល បន្សាប និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ។
ប្រមុខក្រសួងមហាផ្ទៃ ក៏បានលើកឡើងចំៗឱ្យរដ្ឋបាលខេត្តត្បូងឃ្មុំ ពិនិត្យមើលទីតាំងដីសមរម្យរបស់ខេត្ត យកធ្វើជាធ្នាក់បោះទុនជាមុន ដើម្បីទាក់ទាញវិស័យឯកជន មកចូលរួមវិនិយោគ។
ក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោក ប៉ែន កុសល្យ ជា អភិបាលខេត្តត្បូងឃ្មុំថ្មី នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្រ្តី ស សុខា បានមានប្រសាសន៍ថា «ការវិនិយោគបង្កើតមណ្ឌលបន្សាបគ្រឿងញៀននេះ នឹងពិបាកលេចចេញ ជារូបរាងណាស់ ប្រសិនណាបើអ្នកវិនិយោគរំពឹងខ្ពស់ តែលើប្រាក់ចំណេញ និងថែមទាំងមិនមានការសម្បទានគាំទ្រពីរដ្ឋ ប៉ុន្តែតាមរយៈរូបមន្តជួយគ្នាទៅវិញទៅមក រវាងរដ្ឋបាលខេត្ត អ្នកវិនិយោគ និងក្រុមគ្រួសារជនរងគ្រោះ មណ្ឌលជាបន្តបន្ទាប់ត្រូវបានបង្កើតឡើង និង ដំណើរការដល់សព្វថ្ងៃ»។
បើតាមលោក ឧបនាយករដ្ឋមន្ត្រី ការបង្កើតមណ្ឌលព្យាបាល បន្សាប និងស្ដារនីតិសម្បទា អ្នកញៀនគ្រឿងញៀន គឺជាការផ្ដល់ដំណោះ ស្រាយប្រកប ដោយប្រសិទ្ធភាព ដើម្បីស្រោចស្រង់ និង សង្គ្រោះជនរងគ្រោះ ពីព្រោះយន្តការនេះមានភាគរយខ្ពស់បំផុត ក្នុងការប្រែក្លាយ ជនរងគ្រោះឱ្យផ្ដាច់ បានដោយជោគជ័យពីគ្រឿងញៀន និងថែមទាំងទទួលបានការអប់រំ និងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ដើម្បីប្រើប្រាស់និង ប្រកបរបរចិញ្ចឹមជីវិត ក្រោយពីការធ្វើសមាហរណ៍ចូលទៅក្នុងសហគមន៍វិញ។
ភ្ជាប់នឹងអនុសាសន៍ដូចបានបញ្ជាក់មកនេះ លោកឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីនិន្នាការ នៃការជួញដូរគ្រឿងញៀន របស់ពួកឧក្រិដ្ឋជន ដែលកន្លងទៅសមត្ថកិច្ចបង្ក្រាប បានត្រឹមកម្រិតរាប់សិបគីឡូ ឬយ៉ាងហោចណាស់ត្រឹមរយគីឡូ ប៉ុន្តែក្នុងរយៈពេលកន្លះឆ្នាំ២០២៤ នេះ មានដល់ទៅជាង ៥ពាន់គីឡូរួចជាស្រេច ខណៈមានជនរងគ្រោះដែលភាគច្រើនជាយុវជនតិចតួចនៅឡើយដែលបានស្ម័គ្រចិត្ត និងទទួលការជ្រោមជ្រែងពីក្រុមគ្រួសារ ដើម្បីទទួលសេវាព្យាបាល បន្សាប និងស្ដារនីតិសម្បទា ៕