បរទេស៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Ryabkov បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរុស្ស៊ីនឹងរៀបចំឆ្លើយតបផ្នែកយោធា ចំពោះផែនការរបស់សហរដ្ឋអាមេរិក ក្នុងការដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយ នៅក្នុងប្រទេសអាល្លឺម៉ង់។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ទីក្រុងវ៉ាស៊ីនតោនបានប្រកាសផែនការកាលពីថ្ងៃពុធ ដើម្បីចាប់ផ្តើមដាក់ពង្រាយអាវុធរយៈចម្ងាយឆ្ងាយ នៅក្នុងប្រទេសអាឡឺម៉ង់ក្នុងឆ្នាំ ២០២៦ រួមទាំងប្រព័ន្ធមីស៊ីល SM-6 និង Tomahawk “ជាផ្នែកនៃផែនការសម្រាប់ការបន្តឈរជើង នៃសមត្ថភាពទាំងនេះនាពេលអនាគត” ។
លោក Ryabkov បាននិយាយថា ផែនការចុងក្រោយបំផុតរបស់អាមេរិក គ្រាន់តែជាការបង្កើនភាពតានតឹងមួយទៀត ដោយលោកខាងលិច និងជា “ធាតុផ្សំនៃការគំរាមកំហែង ដែលសព្វថ្ងៃនេះស្ទើរតែជាធាតុផ្សំសំខាន់ របស់អង្គការណាតូ និងសហរដ្ឋអាមេរិក” ឆ្ពោះទៅរកប្រទេសរុស្ស៊ី។
មីស៊ីលដែលមានមូលដ្ឋានលើដី ដែលអាចបាញ់បានចម្ងាយពី ៥០០ គីឡូម៉ែត្រទៅ ៥.៥០០ គីឡូម៉ែត្រត្រូវបានហាមឃាត់នៅលើដីអឺរ៉ុប ក្រោមសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យម (INF) ដែលចុះហត្ថលេខាដោយ Ronald Reagan និង Mikhail Gorbachev ក្នុងឆ្នាំ ១៩៨៧ ។ នៅឆ្នាំ ២០១៩ សហរដ្ឋអាមេរិកបានដកខ្លួនចេញពីសង្រ្គាមត្រជាក់ ដោយចោទប្រកាន់ទីក្រុងម៉ូស្គូថា បានបំពានលើសន្ធិសញ្ញានេះ។
លោក Ryabkov បាននិយាយថា ការដាក់ពង្រាយមីស៊ីលរបស់អាមេរិក ទៅកាន់ប្រទេសអាឡឺម៉ង់គឺមានគោលបំណងចម្បង ក្នុងការបំផ្លាញសន្តិសុខរបស់រុស្ស៊ី។
ប្រព័ន្ធសព្វាវុធដែលត្រូវដាក់ពង្រាយក្នុងប្រទេសអាឡឺម៉ង់នឹងរួមមាន កាំជ្រួចប្រឆាំងអាកាស SM-6 ដែលមានរយៈចម្ងាយរហូតដល់ ៤៦០ គីឡូម៉ែត្រ និងកាំជ្រួច Tomahawk ដែលអាចវាយប្រហារគោលដៅបានចម្ងាយជាង ២.៥០០ គីឡូម៉ែត្រ។
ទីក្រុងប៊ែរឡាំង និងវ៉ាស៊ីនតោន បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយប្រកាសអំពីផែនការនេះ បន្ទាប់ពីកិច្ចពិភាក្សានៅឯ កិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ អង្គការណាតូក្នុងទីក្រុងវ៉ាស៊ីនតោន ៕
ប្រែសម្រួលៈ ណៃ តុលា