បរទេស៖ មន្ត្រីក្នុងតំបន់បាននិយាយថា យន្តហោះរុស្ស៊ី Sukhoi Superjet 100 បានធ្លាក់នៅខាងក្រៅទីក្រុងមូស្គូ។ មានសមាជិកនាវិកបីនាក់បានរាយការណ៍ថា ស្ថិតនៅលើយន្តហោះនោះ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា អាជ្ញាធរក្នុងតំបន់បានប្រាប់សារព័ត៌មាន TASS ថា យន្តហោះបានធ្លាក់កាលពីរសៀលថ្ងៃសុក្រនៅក្នុងស្រុក Kolomna ចម្ងាយប្រហែល ៨០គីឡូម៉ែត្រភាគអាគ្នេយ៍នៃរដ្ឋធានីមូស្គូរបស់រុស្ស៊ី ហើយសេវាកម្មសង្គ្រោះបន្ទាន់ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ។ ពួកគេបានបន្ថែមថា យន្តហោះដែលជាធម្មតាផ្ទុកអ្នកដំណើរពី ៨៧នាក់ ទៅ ៩៨ នាក់ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនឧស្ម័នយក្សរុស្ស៊ី Gazprom ហើយយន្តហោះកំពុងស្ថិតក្នុងដំណើរការជួសជុល និងបានហោះចេញពីជាផ្នែកមួយនៃការហោះហើរសាកល្បង។ ក្រុមមន្ត្រីបាននិយាយថា នាវិក៣នាក់នៅលើយន្តហោះដែលធ្លាក់នោះ។
ក្រសួងសង្គ្រោះបន្ទាន់រុស្ស៊ីបានបញ្ជាក់ពីការធ្លាក់យន្តហោះនេះ ដោយបន្ថែមថាយន្តហោះបានធ្លាក់ក្នុងតំបន់ព្រៃ។ “មានសមាជិកនាវិកបីនាក់នៅលើយន្តហោះ។ តាមព័ត៌មានបឋមបានស្លាប់ទាំងអស់ និងមិនមានអ្នករងគ្រោះក្នុងចំណោមប្រជាជននោះទេពីការធ្លាក់នេះ»។
សារព័ត៌មាន TASS បានរាយការណ៍ដំបូងថា យន្តហោះ Sukhoi Superjet 100 បានហោះចេញពីអាកាសយានដ្ឋាន Zhukovsky ។ ទោះបីជាយ៉ាងណាក៏ដោយ ក្រោយមក គេបានបំភ្លឺថា យន្តហោះបានហោះចេញពីអាកាសយានដ្ឋានក្បែរនោះមួយទៀត ឈ្មោះ Lukovitsy ហើយកំពុងធ្វើដំណើរទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Vnukovo ។ ប្រភពរបស់ទីភ្នាក់ងារបានពន្យល់ពីការលាយឡំគ្នាដោយនិយាយថាយន្តហោះមួយផ្សេងទៀតមានប្រភេទដូចគ្នាបានហោះចេញពី Zhukovsky ហើយកំពុងហោះហើរដោយគ្មានឧប្បត្តិហេតុ៕
ប្រែសម្រួលៈ ណៃ តុលា