បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ក្រសួងការពារជាតិ នៃរដ្ឋាភិបាលទីក្រុងប៉េកាំង បាននិយាយ កាលពីថ្ងៃអាទិត្យថា កងកម្លាំងទ័ពជើងទឹករុស្ស៊ី និងចិនបានចាប់ផ្តើម សមយុទ្ធរួមគ្នា ដ៏ធំមួយនៅក្នុងឈូងសមុទ្រ ប៉ាស៊ីហ្វិក។
ប្រភពដដែលបានេះ បានសរសេរទៀតថាសមយុទ្ធ ដែលត្រូវបានគេស្គាល់ឈ្មោះថារួមដែនសមុទ្រ-២០២៤ឬ Martime Joint-2024 នេះមានរយៈពេលបីថ្ងៃកំពុង ត្រូវបានធ្វើឡើងនៅជិតទីក្រុង Zhanjiang របស់ប្រទេសចិន។
តាមរយៈសមយុទ្ធនេះភាគីទាំងពីរនឹងបណ្តុះបណ្តាលសមត្ថភាពរបស់កងកម្លាំងជើងទឹកក្នុងការដោះស្រាយការគំរាមកំហែងផ្នែកសន្តិសុខ រក្សាស្ថិរភាពអន្តរជាតិ និង ក្នុងតំបន់ និងជំរុញភាពជាដៃគូយុទ្ធសាស្ត្រ នេះបើយោងតាមសេចក្តីថ្លែងការណ៍ មួយដោយក្រសួងការពារជាតិចិន។
ទោះបីជាយ៉ាងណាក្តីសេចក្តីថ្លែងការណ៍ ដដែលនេះក៏បានបន្ថែមដែរថា ការល្បាតដែនសមុទ្រ រួមគ្នាលើកទីបួន នៅភាគខាងលិច និងខាងជើងមហាសមុទ្រប៉ាស៊ីហ្វិក ដែលធ្វើឡើងកាលពីថ្ងៃអាទិត្យ មិនបានកំណត់គោលដៅភាគីទីបី និងមិនមានជាប់ពាក់ព័ន្ធជាមួយស្ថានភាពអន្តរជាតិ និងតំបន់បច្ចុប្បន្នទេ។
យ៉ាងណាក្តីគេសង្កេត ឃើញថា កិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរនេះ បានកើតឡើង ចំពេលមានភាពតានតឹង កាន់តែខ្លាំងឡើងរវាងចិន និងសមាជិកណាតូ៕
ប្រែសម្រួល៖ស៊ុនលី