ព័ត៌មានជាតិ

ជប៉ុន គោរពភាព ជាអ្នកដឹកនាំ របស់សម្ដេចតេជោ ក្នុងការស្វែងរកសុខ សន្តិភាព និងអភិវឌ្ឍកម្ពុជា

ភ្នំពេញ៖ លោក យ៉ាម៉ាគូជិ ណាត់ស៊ូអូ (YAMAGUCHI Natsuo) សមាជិកព្រឹទ្ធសភាជប៉ុន និងជាប្រធានគណបក្ស Komeito បានគោរពនូវភាព ជាអ្នកដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ក្នុងការស្វែង រកសុខសន្តិភាព កសាងប្រទេស និងអភិវឌ្ឍប្រទេស ឱ្យមានការរីកចម្រើន ជាបន្តបន្ទាប់ ។

ក្នុងឱកាសទទួលបានការ អនុញ្ញាតចូលជួបសម្តេចតេជោ ហ៊ុន សែន លោក យ៉ាម៉ាគូជិ ណាត់ស៊ូអូ បានលើកឡើងថា សម្រាប់ដំណើរទស្សនកិច្ច លើកនៅកម្ពុជានេះ គឺមានរយៈពេលជាង ៣២ឆ្នាំ គិតពីពេលដែលលោក ​មកប្រទេសកម្ពុជាដំបូង លោកពិតជាមានអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយឃើញកម្ពុជាមានការរីកចម្រើន ជាពិសេសទីក្រុងភ្នំពេញ មានការអភិវឌ្ឍលឿនរហ័ស និងមានសុខសន្តិភាពពេញលេញ។

សមាជិកព្រឹទ្ធសភាជប៉ុន បានបង្ហាញមោទនភាពដែលជប៉ុន និងកម្ពុជាឈានទៅដល់ការបង្កើតទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កាលពីឆ្នាំ២០២៣។ ទំនាក់ទំនងនេះ បាននាំឱ្យកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ជប៉ុន ត្រូវបានពង្រីកទៅដល់វិស័យយោធា សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ឌីជីថល Cyber ការប្រែប្រួលអាកាសធាតុ ជាដើម។

ជាមួយគ្នានោះលោក ក៏បានបង្ហាញការជឿជាក់លើការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលប្រាកដជានាំមកនូវការរីកចម្រើន ផ្នែកវិនិយោគបន្ថែមទៀត តាមរយៈធ្វើឱ្យកាន់តែប្រសើរឡើង នូវបរិយាកាសវិនិយោគក្នុងប្រទេសកម្ពុជា។

ជាកិច្ចឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណលោក​ YAMAGUCHI ចំពោះការរំលឹកពី​ដំណើរទស្សនកិច្ចមកកម្ពុជា ក្នុងអំឡុងជាង ៣២ឆ្នាំមកនេះ គឺចាប់តាំងពីប្រទេសកម្ពុជា កំពុងមានសង្រ្គាមនៅឡើយ និង សូម្បីតែក្រោយឆ្នាំ១៩៩៣ គឺនៅពេលដែល UNTAC ចាកចេញពីកម្ពុជាទៅហើយ ក៏សង្រ្គាមមិនទាន់ បានបញ្ចប់ទាំងស្រុងដែរ។​ សម្តេចតេជោថា លោកគឺជាសាក្សីរស់ ដែលបានមើលឃើញពីការពិត នៃការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ​ដោយសារកត្តាសន្តិភាព ហើយសន្តិភាពកំពុងគ្របដណ្តប់ពេញប្រទេសកម្ពុជា រកមកបានយ៉ាងលំបាកណាស់។

សម្តេចតេជោ បានសង្កត់ធ្ងន់ថា សម្តេចប្រកាន់ខ្ជាប់ដោយគ្មានថ្ងៃប្រែប្រួលនូវទស្សនៈផ្តល់តម្លៃដល់សន្តិភាព មុនអ្វីៗទាំងអស់ ពីព្រោះបើគ្មានសន្តិភាព គឺគ្មានទេលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ។ សម្តេច បន្តទៀតថា ប្រទេសជាច្រើនស្រែករកតែលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដោយមិនខ្វល់ ពីកត្តាសន្តិភាពក្នុងប្រទេស ដែលប្រៀបដូចជាការមើលតែមួយជ្រុង ឬមើលដើមឈើតែមួយដើម មិនព្រមមើលព្រៃទាំងមូលទេ។

សម្ដេចថា សន្តិភាពពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ពីព្រោះ មានសន្តិភាពទើបយើងអាចមានអ្វីៗបានដូចសព្វថ្ងៃនេះ។ ជាក់ស្តែង ចំពោះជំនួយរបស់ជប៉ុនក្នុងការបោសសម្អាតមីន ​ប្រសិនបើគ្មានសន្តិភាពទេ គឺមិនអាចទៅដោះមីនបានឡើយ៕

To Top