បរទេស៖ ក្រុមហ៊ុន Kaspersky Labs របស់ប្រទេសរុស្ស៊ី នឹងចាកចេញពីទឹកដីសហរដ្ឋអាមេរិក នេះបើយោងតាមការប្រកាសឲ្យដឹងដែលបានមើលឃើញដោយអ្នកប្រើប្រាស់នៅលើគេហទំព័ររបស់ក្រុមហ៊ុនផលិតកម្មវិធីកម្ចាត់មេរោគនៅសហរដ្ឋអាមេរិកហើយការប្រកាសនេះបានកើតឡើង ក្រោយពីរដ្ឋបាលលោក បៃដិន បានប្រកាសពីផែនការទប់ស្កាត់ការលក់ក្រុមហ៊ុននៅក្នុងប្រទេសដែលបានធ្វើឡើងក្នុងរយៈពេលជិត១ខែមកនេះ ។
គួររំលឹកថា កាលពីខែមុន លោក Gina Raimondo រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានប្រកាសអំពីផែនការទប់ស្កាត់ការលក់កម្មវិធីកម្ចាត់មេរោគដែលផលិតដោយក្រុមហ៊ុន Kaspersky នៅក្នុងប្រទេស ដោយលើកឡើងពីហានិភ័យសុវត្ថិភាពដែលបង្កឡើងដោយឥទ្ធិពលរបស់រុស្ស៊ី មកលើក្រុមហ៊ុនសន្តិសុខអ៊ីនធើរណេត ។
ក្រុមហ៊ុន Kaspersky មិនបានឆ្លើយតបភ្លាមៗចំពោះសំណើរបស់ទីភ្នាក់ងារព័ត៌មាន Reuters
សម្រាប់ការសុំឲ្យធការអត្ថាធិប្បាយនៅឡើយទេ ។
គេបានដឹងថា កាលពីខែមិថុនា រដ្ឋាភិបាលក៏បានដាក់ទណ្ឌកម្មទៅលើថ្នាក់នាំជាន់ខ្ពស់របស់ក្រុមហ៊ុន Kaspersky
រួមទាំងប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្ម ប្រធានផ្នែកប្រតិបត្តិការ មន្ត្រីច្បាប់ និងប្រធានផ្នែកទំនាក់ទំនងសាជីវកម្ម
ដោយលើកឡើងពីហានិភ័យសន្តិសុខតាមអ៊ីនធើរណេត ។
កាលពីថ្ងៃចន្ទ ទូរទស្សន៍ CNN បានរាយការណ៍ឲ្យដឹងថា ក្រុមហ៊ុន Kaspersky Labs នឹង “បន្ថយបន្តិចម្តងៗ”
នូវប្រតិបត្តិការនៅសហរដ្ឋអាមេរិករបស់ខ្លួន និងបញ្ឈប់បុគ្គលិកដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកគិតចាប់ពីថ្ងៃទី២០ ខែកក្កដា ។
គេហទំព័ររបស់ក្រុមហ៊ុន Kaspersky នៅអាមេរិក មិនអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទិញផលិតផលណាមួយឡើយ
ដោយលើកឡើងថា “ការទិញ គឺមិនមានសម្រាប់អតិថិជនអាមេរិក” នោះទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា