កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានអះអាងថា សត្វល្អិតចង្រៃដង្កូវហ្វូង ដែលបំភ្លេចបំផ្លាញដំណាំរបស់ប្រជាកសិករ មកដល់ពេលនេះត្រូវបានកម្ចាត់ដោយជោគជ័យ ក្នុងនោះសត្វរុយពណ៌ ស ដែលជាសត្វល្អិតបំផ្លាញដំណាំស្រូវ របស់ប្រជាកសិករនៅក្នុងខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង គឺអាជ្ញាធរខេត្តកំពង់ចាម បានមានវិធានការ ទប់ស្កាត់ទាន់ពេលវេលា មិនទាន់មានបញ្ហានេះកើតឡើងនោះទេ ។
លោកអភិបាលខេត្តបានលើកឡើងដូច្នេះនៅព្រឹកថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៤ នៅសាលប្រជុំធំសាលាខេត្តកំពង់ចាម ក្នុងកិច្ចប្រជុំសាមញ្ញលើកទី ២ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម ។
លោកអភិបាលខេត្តបានឲ្យដឹងថា មកដល់ពេលនេះ ប្រជាពលរដ្ឋដាំដុះដំណាំស្រូវបានក្នុងរង្វង់ប្រមាណ ៩២% លើផ្ទៃដីផែនការដាំដុះប្រមាណ ជាង ៨ ម៉ឺន ហិកតា ។ ចំពោះរបបទឹកភ្លៀងគឺមានគ្រប់គ្រាន់សម្រាប់ប្រជាកសិករបង្កបង្កើនផល ។
ទន្ទឹមនឹងនេះ ប្រជាកសិករយើងក៏បានជួបប្រទះនូវបញ្ហាខ្លះៗ ដល់ដំណាំរបស់ពួកគាត់ ដោយសារដង្កូវហ្វូង ដែលកើតមានឡើងនៅក្នុងឃុំចំនួន ៣ នៃ ស្រុកចំការលើ និងនៅក្នុងឃុំអូរស្វាយ ស្រុកកំពង់សៀម ដែលដង្កូវហ្វូងនេះ បង្ករផលប៉ះពាល់ដល់ដំណាំ របស់ប្រជាពលរដ្ឋ។
លោកអភិបាលខេត្តបានបញ្ជាក់ថា បញ្ហាខាងលើនេះ រដ្ឋបាលខេត្ត បានអន្តរាគមន៍ដោះស្រាយសង្គ្រោះបន្ទាន់ និងឈានដល់ការកំចាត់ដង្កូវហ្វូង អស់ពីស្រែ ចម្ការរបស់ប្រជាពលរដ្ឋផងដែរ។
ម្យ៉ាងទៀត វាជាការអំណោយផលល្អដោយហេតុថា នៅពេលដែលអាជ្ញាធរខេត្ត បានកំចាត់ដង្កូវហ្វូងអស់ ទឹកភ្លៀងក៏បានធ្លាក់មកស្រោចស្របគ្រប់គ្រាន់ សម្រាប់ប្រជាកសិករធ្វើការដាំដុះ និងមានវិធានការផ្សេងៗទៀត ដើម្បីការពារផលដំណាំពីសត្វល្អិតចង្រៃនោះ ។
លោកអភិបាលខេត្ត បានលើកឡើងផងដែរថា ចំពោះសត្វរុយ ពណ៌ស ក៏ជាសត្វល្អិតម្យ៉ាង ដែលបំភ្លេចបំផ្លាញដំណាំស្រូវ របស់ប្រជាកសិករផងដែរ ដែលហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង ជាប់ព្រំប្រទល់ជាមួយខេត្តកំពង់ចាម។ ប៉ុន្តែប្រការនេះ ថ្វីត្បិតតែខេត្តកំពង់ចាម មិនទាន់កើតមាន រដ្ឋបាលខេត្ត បានណែនាំដល់មន្ត្រីជំនាញកសិកម្មខេត្ត ចុះទៅសិក្សាជាបន្ទាន់ នៃស្រុកពីរ គឺស្រុកកោះសូទិន និងស្រុកស្រីសន្ធរ ដើម្បីធ្វើការផ្សព្វផ្សាយអប់រំ ណែនាំដល់ប្រជាកសិករយើង បង្កើនការប្រុងប្រយ័ត្ន ព្រមទាំងមានមន្ត្រីកសិកម្មនៅតាមបណ្ដា ឃុំ ចុះជាប់ ជាមួយប្រជាពលរដ្ឋ ដែលជាលទ្ធផលរហូតមកដល់ពេលនេះ គឺយើងអាចទប់ស្កាត់រុយពណ៌ ស នោះបាន មិនទាន់មានចូលមកដល់ក្នុងខេត្តកំពង់ចាមនោះទេ ៕