ម៉ិកស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador បានជំរុញឱ្យរដ្ឋាភិបាល សហរដ្ឋអាមេរិក គ្រប់គ្រងការលក់អាវុធ ឱ្យកាន់តែប្រសើរឡើង បន្ទាប់ពីមានការបាញ់ប្រហារ ប៉ងធ្វើឃាតអតីតប្រធានាធិបតី សហរដ្ឋអាមេរិក និងជាបេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ ។
នៅក្នុងសន្និសីទសារព័ត៌មាន ប្រចាំថ្ងៃរបស់លោក ប្រធានាធិបតីម៉ិកស៊ិក ក៏បានអំពាវនាវ ឱ្យលោក ត្រាំ និងប្រធានាធិបតីអាមេរិក បច្ចុប្បន្នលោក ចូ បៃដិន ចុះហត្ថលេខាលើការប្តេជ្ញាចិត្ត ដើម្បីគ្រប់គ្រងការលក់កាំភ្លើង ប្រសិនបើពួកគេឈ្នះ អាណត្តិទីពីរ ។
លោក Lopez Obrador បានប្រាប់អ្នកយកព័ត៌មាន នៅឯវិមានជាតិក្នុងទីក្រុងម៉ិកស៊ិកថា “ខ្ញុំគិតថាវាអាចជួយបានច្រើន ក្នុងការគ្រប់គ្រងការលក់អាវុធ នៅក្នុងសហរដ្ឋអាមេរិក វាគឺជាអ្វីដែលត្រូវធ្វើជាបន្ទាន់” ។
លោកបានបន្ថែមថា សហរដ្ឋអាមេរិក កំពុងជួបវិបត្តិសង្គម ដែលត្រូវតែដោះស្រាយចេញពីឫសគល់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
នៅឯការជួបជុំមួយដែលលោ ក ត្រាំ បានថ្លែងកាលពីថ្ងៃសៅរ៍ បុរសម្នាក់បាន បាញ់ជាច្រើន គ្រាប់ទៅលើបេក្ខជន ប្រធានាធិបតី អាមេរិករូបនេះ ធ្វើឱ្យរបួសត្រចៀកខាងស្តាំ របស់លោក និងសម្លាប់មនុស្សម្នាក់ នៅក្នុងហ្វូងមនុស្ស ពេលកំពុងជួបជុំគ្នា។
យោងតាមលោក Lopez Obrador ចាប់តាំងពីលោកចូលកាន់តំណែងក្នុងខែធ្នូ ឆ្នាំ២០១៨ អាជ្ញាធរម៉ិកស៊ិក បានរឹបអូសអាវុធចំនួន ៥ម៉ឺនដើម ដែលប្រហែល ៧៥ភាគរយត្រូវបានរត់ពន្ធចូលទៅក្នុងប្រទេសម៉ិកស៊ិក ពីសហរដ្ឋអាមេរិក ជាពិសេសរដ្ឋតិចសាស់៕
ប្រែសម្រួល ឈូក បូរ៉ា