ព័ត៌មានអន្តរជាតិ

Update៖ លោក ណេតាន់យ៉ាហ៊ូ ប្តេជ្ញាថា នឹងដាក់សម្ពាធកាន់តែខ្លាំង ទៅលើក្រុមហាម៉ាស់ ខណៈអ៊ីស្រាអ៊ែល បន្តវាយលុកយ៉ាងខ្លាំង នៅតំបន់ហ្គាហ្សា ស្ទ្រីប

AFP

ណាហ្គា ស្ទ្រីប៖  កាលពីថ្ងៃពុធ អ៊ីស្រាអ៊ែល បានបន្តការវាយប្រហារតាមផ្លូវអាកាស របស់ខ្លួនទៅលើតំបន់ហ្គាហ្សា ក្រោយពីនាយករដ្ឋមន្ត្រី បេហ្សាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានប្តេជ្ញាថា នឹងបង្កើនសម្ពាធ លើក្រុមហាម៉ាស់ ខណៈដែលក្តីសង្ឃឹម បានរសាត់ទៅបាត់ សម្រាប់ផែនការបទឈប់បាញ់គ្នា ដែលប្រកាសដោយសហរដ្ឋអាមេរិក ។

លោក Ismail Haniyeh មេដឹកនាំនយោបាយក្រុមហាម៉ាស់ បានចោទប្រកាន់អ៊ីស្រាអ៊ែល ថា មានចេតនាធ្វើឱ្យខូចដល់ការចរចាសម្រាប់បទឈប់បាញ់គ្នា និងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង ដោយសារតែខ្លួនមិនចង់បញ្ចប់សង្រ្គាមមួយនេះនោះទេ ។

ចំណែកឯយោធាអ៊ីស្រាអ៊ែលបានអះអាងថា ខ្លួនបានធ្វើការវាយប្រហារចំនួន២៥លើកនៅក្នុងរយៈពេល ២៤ម៉ោង ដោយផ្តោតទៅលើ “រចនាសម្ព័ន្ធយោធា ហេដ្ឋារចនាសម្ព័ន្ធភេរវករ កោសិកាភេរវករ និងរចនាសម្ព័ន្ធបំរុង” ផងដែរ ។

លោក ណេតាន់យ៉ាហ៊ូ ដែលបានប្តេជ្ញាម្តងហើយម្តងទៀតក្នុងការលុបបំបាត់ក្រុមហាម៉ាស់ បានលើកឡើងដោយទទូចកាលពីថ្ងៃអង្គារថា ទោះបីជាមានសម្ពាធកើនឡើងក៏ដោយ នឹងមិនមានការផ្អាកនៅក្នុងយុទ្ធនាការរបស់អ៊ីស្រាអ៊ែល ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធទាំងនោះជាដាច់ខាត ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top