ព័ត៌មានអន្តរជាតិ

ទូតចិនថ្មី អះអាងថា សុខទុក្ខរបស់កម្ពុជា គឺជាសុខទុក្ខរបស់ចិន

ភ្នំពេញ​៖ នៅចំពោះមុខសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ លោក វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតចិនថ្មី ប្រចាំកម្ពុជា បានធានាអះអាងថា សុខទុក្ខរបស់កម្ពុជា គឺជាសុខទុក្ខរបស់ប្រទេសចិន។

លោកមានប្រសាសន៍ថា សម្តេចតេជោ ជាមិត្តចាស់ដ៏ពិតប្រាកដរបស់ចិន ដែលបានគាំទ្រគ្នាទៅវិញទៅមក។ លោកក៏បានអរគុណសម្ដេច ដែលបានអញ្ជើញ ទៅទស្សនកិច្ច នៅចិន អំឡុងពេលមានការផ្ទុះកូវីដ១៩ ដែលធ្វើឲ្យប្រជាជនចិន និងពិភពលោកមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង ហើយបានចាត់ទុកថា សម្ដេច ជាមិត្តល្អសម្រាប់ប្រជាជនចិនដែលគាំទ្រគ្នាក្នុងគ្រាមានអាសន្ន។ ដូចនេះ សុខទុក្ខរបស់កម្ពុជា គឺជាសុខទុក្ខរបស់ប្រទេសចិន ដូចគ្នា។

លោក វ៉ាង វិនពីន បានបន្ថែមថា សម្តេចតេជោ គឺជាអ្នកនយោបាយជាមេដឹកនាំកំពូល និងជាអ្នកយុទ្ធសាស្ត្រដ៏ឆ្នើម ក្នុងការដឹកនាំមាគ៌ាកម្ពុជាឆ្ពោះ ទៅរកសុខសន្តិភាព និងការអភិវឌ្ឍជឿនលឿនដូចសព្វថ្ងៃ។ លោកបានកោតសរសើរ សម្ដេចតេជោដែលបានចូលរួម ដោយផ្ទាល់ក្នុងរយៈពេលជាង៣០ឆ្នាំកន្លងមកនេះ ក្នុងការពូនជ្រំទំនាក់ទំនង មិត្តភាពយូរអង្វែងកម្ពុជា-ចិន ។

លោកទូតថ្មីក៏បានបេ្តជ្ញាថា ក្នុងអាណត្តិការទូតរបស់លោកនៅកម្ពុជា នឹងពង្រឹងពង្រីកបន្ថែមទៀត នូវទំនាក់ទំនងសេដ្ឋកិច្ច-សង្គម , សន្តិសុខ-យោធា រវាងប្រជាជននិងប្រជាជនឲ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត។ ឆ្លៀតក្នុងឱកាសនៃជំនួបនេះផងដែរ លោកឯកអគ្គរដ្ឋទូត ក៏បានគោរពអញ្ជើញ សម្តេច ដើម្បីទៅបំពេញទស្សនកិច្ចនៅចិន ក្នុងពេលវេលាសមស្របណាមួយ នាពេលខាងមុខដែរ​។

ក្នុងជំនួបនាថ្ងៃ១៨ កក្កដា ទាំងសម្តេចតេជោ និងលោក ស៊ី ជីនពីង ក៏បានឯកភាពគ្នាដាក់ចេញ ក្របខណ្ឌកិច្ចសហប្រតិបត្តិការ ត្បូងពេជ្រ ដើម្បីជាផែនទីចក្ខុវិស័យ ក្នុងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ សំដៅសម្រេចបាននូវការកសាង សហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់៕

To Top