បរទេស៖ ក្រុមអ្នកស៊ើបអង្កេតវៀតណាម ដែលធ្វើការជាមួយអាជ្ញាធរថៃ លើករណីធ្វើអត្តឃាតដ៏គួរឱ្យតក់ស្លុត ដែលបានឆក់យកជីវិតជនជាតិវៀតណាមជាច្រើននាក់ ក្នុងបន្ទប់សណ្ឋាគារបាងកក ប្រទេសថៃ កំពុងដាក់សម្ពាធដល់ ភាគីពាក់ព័ន្ធសម្រាប់ព័ត៌មានបន្ថែម។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា ស្ថានទូតវៀតណាមប្រចាំប្រទេសថៃ កំពុងសហការជាមួយអាជ្ញាធរ ក្នុងតំបន់ក្នុងការស៊ើបអង្កេតការស្លាប់ របស់ជនជាតិវៀតណាមចំនួនប្រាំមួយនាក់ នៅឯសណ្ឋាគារ Grand Hyatt Erawan ។
លោកស្រី Hang បាននិយាយថា ប្រទេសវៀតណាមក៏បានស្នើទៅប៉ូលីសថៃ និងក្រសួងការបរទេសថៃ ឱ្យផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីករណីនេះ ខណៈពេលដែលក៏ស្នើសុំឱកាស ដើម្បីដាក់ពង្រាយវិធានការការពារ សម្រាប់ជនរួមជាតិរបស់ខ្លួននៅបរទេសផងដែរ។
លោកស្រីបន្តថា ស្ថានទូតក៏កំពុងសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីជួយដល់ក្រុមគ្រួសារជនរងគ្រោះ ក្នុងការរៀបចំពិធីបុណ្យសព នៅពេលដែលពួកគាត់ត្រូវបានអនុញ្ញាតឲ្យធ្វើ។
បច្ចុប្បន្ន សពដែលត្រូវគេស្គាល់អត្តសញ្ញាណ ក្នុងការស្លាប់ដ៏ចម្លែកនេះត្រូវបាន សមត្ថកិច្ចធ្វើកោសល្យវិច្ច័យដើម្បីស្វែងរកតម្រុយ និងភស្តុតាង ៕
ប្រែសម្រួលៈ ណៃ តុលា