បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ្នកកាសែតជនជាតិអាមេរិកម្នាក់ ដែលមានឈ្មោះថា Evan Gershkovich ត្រូវបានតុលាការរុស្ស៊ី កាត់ទោស ឱ្យជាប់គុក ១៦ឆ្នាំ បន្ទាប់ពីត្រូវបានរកឃើញថា មានទោសពីបទចារកម្ម និងបង្កហនិភ័យដល់សន្តិសុខជាតិ។
អ្នកយកព័ត៌មាន Wall Street Journal អាយុ ៣២ឆ្នាំរូបនេះ ត្រូវបានចាប់ខ្លួន នៅខែមីនាឆ្នាំ២០២៣នៅ Ekaterinburg ។ ទីភ្នាក់ងារសន្តិសុខ សហព័ន្ធ (FSB) បាននិយាយថា គាត់មានព័ត៌មាន អំពីសហគ្រាសការពារជាតិរុស្ស៊ី មួយចំនួនពេលត្រូវ បានចាប់ខ្លួន។
ក្រុមគ្រួសារ និងសហការីការងាររបស់លោក Gershkovich បដិសេធការចោទប្រកាន់នេះ ហើយអះអាងថា គាត់កំពុងធ្វើការស៊ើបអង្កេត តាមសារព័ត៌មានធម្មតា។ ការចាប់ខ្លួនរបស់គាត់ គឺជាលើកទីមួយហើយ ដែលអ្នកកាសែតអាមេរិកម្នាក់ ត្រូវបានឃុំខ្លួន ក្រោមការសង្ស័យថា មានចារកម្ម ចាប់តាំងពីសង្គ្រាមត្រជាក់។
លោក Gershkovich ត្រូវបានឃុំខ្លួន ក្នុងការស៊ើបអង្កេត និង ការកាត់ក្តីដែលទោះបីជាយ៉ាងណាក្តី យោងតាមប្រភពសារព័ត៌មាន របស់តុលាការ តំបន់ Sverdlovsk គាត់បានបដិសេធម្តងទៀត នូវកំហុសណាមួយ នៅក្នុងសវនាការកាលពីថ្ងៃសុក្រ។
យោងតាមលោក Roger Carstens បេសកជនពិសេស របស់ប្រធានាធិបតី សហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការ ចំណាប់ខ្មាំង ទីក្រុងវ៉ាស៊ីនតោន ធ្លាប់បានព្យាយាម ធ្វើអន្តរាគម លើកិច្ចព្រមព្រៀង ជាមួយទីក្រុងម៉ូស្គូសម្រាប់ការដោះលែង លោក Gershkovich ប៉ុន្តែរហូតមកដល់ពេលនេះ អាមេរិកមិនទទួលបានជោគជ័យ លើកិច្ចខិតខំប្រឹងប្រែងនេះទេ៕
ប្រែសម្រួល៖ស៊ុនលី