ព័ត៌មានជាតិ

កងកម្លាំងចម្រុះជាង ១ពាន់នាក់ បន្តប្រតិបត្តិការ រុករកឧទ្ធម្ភាគចក្រ ដែលបាត់ការទាក់ទង នៅតំបន់ព្រៃក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់

ភ្នំពេញ៖ ដោយមានបទបញ្ជា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ការចង្អុលបង្ហាញ របស់ក្រសួងការពារជាតិ អគ្គបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក ចាប់ពីថ្ងៃទី១៣-២០ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងចម្រុះនៅតែបន្តប្រតិបត្តិការ រុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទង នៅតំបន់ព្រៃក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

បើតាមហ្វេសប៊ុក ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជការរង នាយសេនាធិការ យោធភូមិភាគទី៥ នាថ្ងៃទី២០ កក្កដានេះ បានឲ្យដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីសំណាក់ថ្នាក់ដឹកនាំសំខាន់ៗរួមមាន ៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ ខឹមជា សាខឿន រដ្ឋលេខាធិការ ក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង មេបញ្ជាការកង ទ័ពអាកាស ឧត្តមសេនីយ៍ឯក ហួត ឈាង មេបញ្ជាការរង នាយសេនាធិការ កងទ័ពជើងគោក ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជការរង នាយសេនាធិការ យោធភូមិភាគទី៥ ឧត្តមសេនីយ៍ទោ ស៊ុំ សំណាង មេបញ្ជាការ បញ្ជាការដ្ឋានទ័ពពិសេស បន្តដឹកនាំកម្លាំងជាង ១០០០នាក់ រុករក ឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទង និងសង្ស័យថាធ្លាក់ ក្នុងភូមិសាស្រ្ត សុ្រកវាលវែង ខេត្តពោធិ៍សាត់ ។

ដោយមានការយកចិត្តទុក ដាក់ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្នាក់ដឹកនាំ ក្រសួងការពារជាតិ អគ្គបញ្ជាការ និងកងទ័ពជើងគោក កងកម្លាំងចម្រុះ នៅតែបន្តរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទង និងសង្ស័យថា ធ្លាក់ក្នុងតំបន់ព្រៃក្រាស់ គិតមកដល់ថ្ងៃនេះ មានរយៈពេល ៧ថ្ងៃមកហើយ គិតចាប់តាំងពីថ្ងៃទី១៣ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤។

បេសកកម្មប្រតិបត្តិការរុករកនេះ បានប្រើប្រាស់គ្រប់មធ្យោបាយ រួមមាន ៖ កងកម្លាំងរុករកពីខាងលើ តំបន់ព្រៃ ដោយប្រើប្រាស់ ឧទ្ធម្ភាគចក្រ យន្តហោះដ្រូន និងកម្លាំងថ្មើរជើង ចូលទៅកាន់តំបន់ព្រៃក្រាស់ ជ្រោះជ្រលងភ្នំ បើទោះបីជួបការលំបាក ដោយអាកាសធាតុ មានភ្លៀងធ្លាក់ច្រើនយ៉ាងណាក្តី កងកម្លាំងរុករក នៅតែបន្តប្រតិបត្តិការ ប្រកបដោយភាព ទទួលខុសត្រូវ តាមបទបញ្ជា ។

សូមបញ្ជាក់ថា កងកម្លាំងដែលកំពុង បំពេញប្រតិបត្តិការរុករក បន្តព្យាយាមរុករក នៅតំបន់សង្ស័យ ដោយសង្ឃឹមថា នឹងរកឃើញ ឧទ្ធម្ភាគចក្រ រួមទាំងមនុស្សផងដែរ និងសូមបួងសួងដល់វត្ថុសិក្កិសិទ្ធ នៅតំបន់នេះជួយឃុំគ្រង បីបាច់ថែរក្សាមនុស្ស ក្នុងឧទ្ធម្ភាគចក្រ ឲ្យនៅមានជីវិត ជួបជុំជាមួយគ្រួសារពួកគាត់វិញ៕

To Top