កូឡាឡាំពួរ៖ កាលពីថ្ងៃសៅរ៍ ព្រះអង្គម្ចាស់ ស៊ុលតង់ អ៊ីប្រាហ៊ីម ស៊ុលតង់ អ៊ីស្កានដា (Sultan Ibrahim Sultan Iskandar) ត្រូវបានតែងតាំងជាផ្លូវការជាព្រះមហាក្សត្សថ្មីរបស់ប្រទេសម៉ាឡេស៊ី ដែលនេះជាផ្នែកមួយនៃព្រះរាជពិធីដ៏ធំមួយ ដែលបានប្រារព្ធឡើងនៅឯវិមានជាតិ ក្នុងទីក្រុង គូឡាឡាំពួរ ។
នៅក្នុងព្រះពិធីនេះដែរ ត្រូវបានធ្វើជាសាក្សីដោយលោក Anwar Ibrahim នាយករដ្ឋមន្ត្រី សមាជិកនៃគណៈរដ្ឋមន្ត្រីព្រមទាំងឥស្សរជនបរទេស និងភ្ញៀវរួមទាំងព្រះមហាក្សត្រ Sultan Haji Hassanal Bolkiah របស់ប្រទេសប្រ៊ុយណេ និងព្រះរាជា Hamad bin Isa Al Khalifa របស់ប្រទេសបារ៉ែន ផងដែរ ។
នៅក្នុងព្រះរាជសុន្ទរកថារបស់ព្រះអង្គដែលបានចាក់ផ្សាយនៅទូទាំងប្រទេស ព្រះបាទ ស៊ុលតង់ អ៊ីប្រាហ៊ីម បានសន្យាថា នឹងសោយរាជ្យ ដោយស្មោះស្ម័គ្រ ប្រកាន់យកភាពស្មោះត្រង់ យុត្តិធម៌ និងក្តីមេត្តាចំពោះប្រជាជន និងប្រទេសជាតិ ។
ព្រះអង្គបានមានព្រះបន្ទូលថា “យើងនឹងបំពេញតួនាទីរបស់យើង ដោយស្មោះត្រង់ និងស្មោះស្ម័គ្រ និងគ្រប់គ្រងដោយយុត្តិធម៌ ដោយគិតគូរពេញលេញចំពោះគ្រប់ផ្នែកនៃសង្គមដើម្បីការពារសុខុមាលភាព និងអធិបតេយ្យភាពរបស់ប្រទេស” ។
នៅមុនដែលពិធីនេះបានចាប់ផ្តើមឡើង លោកនាយករដ្ឋមន្ត្រី Ibrahim បានថ្លែងសុន្ទរកថាអបអរសាទរ និងសន្យាស្មោះត្រង់ក្នុងនាម ប្រជាជនក្នុងព្រះរាជពិធីដំឡើងឋានន្តរស័ក្តិរបស់ព្រះអង្គ ស៊ុលតង់ អ៊ីប្រាហ៊ីម ដោយបានរំលឹកដល់ប្រជាជនថា ព្រះមហាក្សត្រ គឺជានិមិត្តរូបនៃឯកភាព និងវិបុលភាពសម្រាប់គ្រប់ជនជាតិក្នុងប្រទេស ។
គេបានដឹងថា ប្រទេសម៉ាឡេស៊ី គឺជាប្រទេស ដែលប្រកាន់យករបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ ដែលមានព្រះរាជា ស៊ុលតង់ ឬអ្នកគ្រប់គ្រងចំនួន ៩អង្គ ដែលដឹកនាំរដ្ឋរៀងៗខ្លួន និងដើរតួជាអ្នកដឹកនាំសាសនា ដោយប្តូរវេនធ្វើជាស្តេចសម្រាប់អាណត្តិ ៥ឆ្នាំ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា