ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីក្រសួងសុខាភិបាលថ្លែងថា សង្ស័យមានករណីឆ្លងវីរុស Nipah នៅរដ្ឋភាគខាងត្បូងនៃប្រទេសឥណ្ឌា

ញ៉ូដេលី៖ លោកស្រី Veena George រដ្ឋមន្ត្រីក្រសួងសុខាភិបាលរបស់ប្រទេសឥណ្ឌា បានប្រាប់ដល់ប្រព័ន្ធ
ផ្សព្វផ្សាយឲ្យដឹងកាលពីថ្ងៃសៅរ៍ថា មានករណីសង្ស័យឆ្លងវីរុសម្យ៉ាងឈ្មោះថា Nipah ត្រូវបានគេរាយការណ៍
នៅក្នុងរដ្ឋ Kerala ស្ថិតនៅភាគខាងត្បូងនៃប្រទេសឥណ្ឌា ។

យោងតាមការលើកឡើងរបស់រដ្ឋមន្ត្រីរូបនេះបានឲ្យដឹង ការធ្វើតេស្តប្រតិកម្មខ្សែសង្វាក់ ហៅ polymerase
ត្រូវបានធ្វើឡើងលើអ្នកជំងឺដែលជាក្មេងប្រុសអាយុ១៥ឆ្នាំ ហើយសំណាកឈាមត្រូវបានបញ្ជូនទៅមន្ទីរពិសោធន៍
ផ្នែកវីរុសសាស្ត្រ នៅក្នុងទីក្រុង Pune នៃរដ្ឋ Maharashtra ភាគនិរតី ។

លោកស្រីរដ្ឋមន្ត្រីបានថ្លែងទៀតថា លទ្ធផលតេស្តត្រូវបានរង់ចាំសិន ហើយពិធីសារខាងផ្នែកវេជ្ជសាស្រ្តវិញ
គឺឲ្យអ្នកជំងឺនៅនឹងមួយកន្លែងសិន ដើម្បីដោះស្រាយស្ថានភាព ។

លោកស្រីរដ្ឋមន្ត្រីបានប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយយ៉ាងដូច្នេះថា “យើងបានជួបប្រជុំជាមួយប្រធានលេខាធិការដ្ឋានមន្ទីរសុខាភិបាល ប្រធានបេសកកម្មសុខភាពជាតិ និងអ្នកប្រមូលស្រុក Malappuram និង Kozhikode
រួចហើយដែរជុំវិញករណីនេះ”  ។

យោងតាមឯកសារបានបញ្ជាក់ថា វីរុស Nipah រឺហៅកាត់ថា NiV គឺជាជំងឺឆ្លងពីសត្វមកមនុស្ស
និងពីមនុស្សទៅសត្វវិញ ដែលអាចឆ្លងតាមរយៈអាហារដែលមានមេរោគ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top