ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ជំរុញ​ឱ្យ​អឺរ៉ុប​អនុម័ត ​វិធីសាស្ត្រ​ឯករាជ្យ ​សម្រាប់​ការ​កែលម្អ ​ទំនាក់ទំនង​ទ្វេភាគី

xinhua

តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានឲ្យដឹងថា ប្រសិនបើអឺរ៉ុបទទួលយកវិធីសាស្រ្តឯករាជ្យ ចំពោះគោលនយោបាយការបរទេសរបស់ខ្លួន នោះទំនាក់ទំនងរបស់អឺរ៉ុប ជាមួយទីក្រុងតេអេរ៉ង់នឹងប្រសើរឡើង។

លោកបានធ្វើការកត់សម្គាល់នៅក្នុងសន្និសិទសារព័ត៌មានប្រចាំសប្តាហ៍ ខណៈពេលកំពុងធ្វើអត្ថាធិប្បាយលើប្រតិកម្មត្រជាក់របស់អឺរ៉ុប និងសហរដ្ឋអាមេរិក ចំពោះការបោះឆ្នោតរបស់លោក Masoud Pezeshkian ជាប្រធានាធិបតីទី៩ របស់ប្រទេសអ៊ីរ៉ង់។

លោក Kanaani បានលើកឡើងថា អ៊ីរ៉ង់បានចាត់ទុកអឺរ៉ុប ជាតំបន់សំខាន់មួយនៅក្នុងទំនាក់ទំនងការបរទេសរបស់ខ្លួន ដោយកត់សម្គាល់ថា “បរិយាកាសត្រជាក់” ដែលរាលដាលលើទំនាក់ទំនងទ្វេភាគី ស្ថិតក្នុងចំណោមផលវិបាកនៃការគណនាខុសរបស់អឺរ៉ុប អំពីអ៊ីរ៉ង់ ឬការឱនក្បាល ចំពោះសម្ពាធរបស់សហរដ្ឋអាមេរិក។

ប្រតិកម្មទៅនឹងការដកខ្លួនរបស់លោក ចូ បៃដិន ពីការប្រជែងតំណែងប្រធានាធិបតីអាមេរិក លោក Kanaani បានលើកឡើងថា ការផ្លាស់ប្តូររដ្ឋបាលនៅសហរដ្ឋអាមេរិក មិនសំខាន់ ចំពោះអ៊ីរ៉ង់នោះទេ ដោយសង្កត់ធ្ងន់ថា អ្វីដែលសំខាន់គឺគោលនយោបាយអរិភាព របស់សហរដ្ឋអាមេរិកចំពោះអ៊ីរ៉ង់៕
ប្រែសម្រួល ឈូក បូរ៉ា

To Top