ម៉ានីល៖ ហ្វីលីពីន និងចិន បានឈានដល់កិច្ចព្រមព្រៀង បណ្ដោះអាសន្នមួយ ដើម្បីកាត់បន្ថយភាពតានតឹង នៅសមុទ្រចិនខាងត្បូង បន្ទាប់ពីមានការប៉ះទង្គិចគ្នាពាក់ព័ន្ធនឹងនាវារបស់ពួកគេ ដែលបានកើនឡើងកាន់តែខ្លាំងចាប់តាំងពីឆ្នាំមុន ។
ក្រសួងការបរទេសនៃប្រទេសអាស៊ីទាំងពីរ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ និងថ្ងៃចន្ទថា ពួកគេបានយល់ព្រមរួមគ្នា គ្រប់គ្រងភាពខុសគ្នាលើបញ្ហាដែនសមុទ្រតាមរយៈការសន្ទនា និងការពិគ្រោះ ហើយបានទទួលស្គាល់ពី តម្រូវការក្នុងការបន្ថយស្ថានការណ៍។
កិច្ចព្រមព្រៀងបណ្តោះអាសន្ន ត្រូវបានសម្រេចបានបន្ទាប់ពីការពិគ្រោះយោបល់ ជាបន្តបន្ទាប់រួមទាំងកិច្ចសន្ទនា ថ្នាក់អនុរដ្ឋមន្ត្រីការបរទេសដែលបានធ្វើឡើងកាលពីថ្ងៃទី០២ ខែកក្កដា នៅទីក្រុងម៉ានីល ។
ភាពតានតឹងលើច្រាំងថ្មចោទ ដែលមានជម្លោះនៅក្នុងដែនទឹកដែលសម្បូរ ទៅដោយធនធាន ក្នុងដែនទឹកសមុទ្រចិនខាងត្បូង បាននឹងកំពុងកើនឡើងខ្ពស់ ក្នុងប៉ុន្មានខែថ្មីៗនេះ រួមទាំងការវាយលុកលើទូកហ្វីលីពីន ជាច្រើនកាលពីថ្ងៃទី១៧ ខែមិថុនា ដែលបណ្តាលឱ្យទាហានហ្វីលីពីនម្នាក់បាត់បង់ម្រាមដៃ។
ប្រទេសចិន បានទាមទារអធិបតេយ្យភាពលើនាវាខ្មោច Thomas Shoal ដែលគ្រប់គ្រងដោយទីក្រុងម៉ានីល ដែលវាហៅថា Ren’ai Jiao ហើយបានជ្រៀតជ្រែក ក្នុងបេសកកម្ម ដើម្បីបញ្ជូនការផ្គត់ផ្គង់ទៅកាន់នាវាកងទ័ពជើងទឹកហ្វីលីពីន ដែលមានមូលដ្ឋាននៅទីនោះ ដែលបម្រើជាប៉ុស្តិ៍យោធា។
ក្រសួងការបរទេសចិន បានទាមទារនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ដែលបានចេញផ្សាយ កាលពីព្រឹកថ្ងៃចន្ទថា ហ្វីលីពីន បានអូសកប៉ាល់ចម្បាំងចេញ ប៉ុន្តែខ្លួនបានបន្ថែមថា ទីក្រុងប៉េកាំងមានឆន្ទៈ ក្នុងការអនុញ្ញាតឱ្យមានការចែកចាយការផ្គត់ផ្គង់ ចាំបាច់រហូតដល់នាវានេះត្រូវបានអូសទៅឆ្ងាយ ប្រសិនបើទីក្រុងម៉ានីល ផ្តល់ការជូនដំណឹងជាមុន ៕
ប្រែសម្រួល ឈូក បូរ៉ា