រ៉ាម៉ាឡា៖ លោក Nader Jayousi នាយកប្រតិបត្តិគណៈកម្មការអូឡាំពិកប៉ាឡេស្ទីន POC បានឲ្យដឹងថា គណៈកម្មាធិការអូឡាំពិកប៉ាឡេស្ទីន “នៅតែរង់ចាំ” សម្រាប់ការឆ្លើយតប ចំពោះពាក្យស្នើសុំរបស់ខ្លួន សម្រាប់ការដកអត្តពលិកអ៊ីស្រាអែល ចេញពីការប្រកួតនៅទីក្រុងប៉ារីស ដោយសារការបំផ្លិចបំផ្លាញ ដែលកំពុងបន្តនៃតំបន់ហ្គាហ្សា ។
នៅក្នុងឯកសារចុងក្រោយរបស់ពួកគេទៅកាន់គណៈកម្មាធិការអូឡាំពិក អន្តរជាតិ មន្ត្រី POC បានបង្ហាញភស្តុតាង នៃអត្តពលិកអ៊ីស្រាអែលគាំទ្រ ជាសាធារណៈ ចំពោះយុទ្ធនាការយោធា ដែលបានបំផ្លិចបំផ្លាញទឹកដីប៉ាឡេស្ទីន ចាប់តាំងពីវាត្រូវបានចាប់ផ្តើមបន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ដែលដឹកនាំដោយក្រុមហាម៉ាស់។
លោក Jayousi បានប្រាប់កាសែតក្យូដូថា “យើងបានស្នើសុំការហាមប្រាម របស់អ៊ីស្រាអែលនៅឯកីឡាអូឡាំពិក ពីព្រោះយើងជឿថា ក្រមសីលធម៌បែបនេះ មិនឆ្លុះបញ្ចាំងពីស្មារតី នៃកីឡាអូឡាំពិកនោះទេ” ។
លោកបានលើកឡើង “វាគួរតែជាកង្វល់របស់ IOC ដែលអនុញ្ញាតឱ្យ (អត្តពលិកអ៊ីស្រាអែល) ដែលមានមោទនភាពក្នុងការសម្លាប់មនុស្ស ចូលរួមការប្រកួត” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន៕
ប្រែសម្រួល ឈូក បូរ៉ា