ព័ត៌មានជាតិ

UN៖ កម្លាំងមួកខៀវរបស់កម្ពុជា ពោរពេញដោយសមត្ថភាព និងការទទួលខុសត្រូវខ្ពស់

ភ្នំពេញ៖ លោក Atul Khare អគ្គលេខាធិការរង អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកផ្នែកគាំទ្រប្រតិបត្តិការរក្សាសន្តិភាព បានកោតសរសើរកងកម្លាំងមួកខៀវ របស់កម្ពុជាថា បានពោរពេញដោយសមត្ថភាព និងការទទួលខុសត្រូវខ្ពស់។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ប្រាក់ សុខុន អនុប្រធានទី១ ព្រឹទ្ធសភា នៅថ្ងៃ២២ កក្កដា លោក Atul Khare បានកោតសរសើរកងកម្លាំងមួកខៀវរបស់កម្ពុជា ដែលពោរពេញដោយសមត្ថភាព និងការទទួលខុសត្រូវខ្ពស់។ លោកក៏បានសម្តែងនូវការស្ញប់ស្ញែង ចំពោះកម្ពុជាដែលឈរលើលេខរៀងទី២៧ ក្នុងចំណោមប្រទេសទាំង១២១ ដែលបានបញ្ជូនកងកម្លាំងថែរក្សា សន្តិភាពក្រោមឆ័ត្រ អ.ស.ប ក្នុងនោះមានកងកម្លាំងនារីរហូតដល់ទៅ ២០%។

ជាមួយនឹងការសរសើរពីសំណាក់មន្រ្តីជាន់ខ្ពស់ UN ហើយលោកអនុប្រធានទី១ ព្រឹទ្ធសភា ក៏បានរំលឹកពីការរួមចំណែករបស់លោក កាលនៅក្នុងតំណែងជា ប្រធានគណៈកម្មាធិការជាតិ សម្របសម្រួលកិច្ចការបញ្ជូនកងកម្លាំង ចូលរួមបេសកកម្មថែរក្សាសន្តិភាពរបស់ អ.ស.ប អស់រយៈពេលជិត ២០ឆ្នាំកន្លងទៅនេះផងដែរ។

លោកបញ្ជាក់សារជាថ្មីអំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការរួមវិភាគទានដល់ បេសកកម្មរក្សាសន្តិភាព ទោះបីជួបការប្រឈមនិងការបាត់បង់ ជីវិតមួយចំនួនរបស់កងទ័ពមួកខៀវ ក្នុងបេសកកម្មនោះយ៉ាងណាក៏ដោយ។

លោកអនុប្រធានទី១ និងលោកអគ្គលេខាធិការរង អ.ស.ប បានវាយតម្លៃខ្ពស់ពី សារសំខាន់មិនអាចកាត់ថ្លៃនៃនយោបាយឈ្នះ-ឈ្នះរបស់ ម្តេចតេជោ ហ៊ុន សែន ដែលនាំឲ្យកម្ពុជា សម្រេចបាននូវសុខសន្តិភាព ការបង្រួបបង្រួមជាតិ ការផ្សះផ្សាជាតិ និងការអភិវឌ្ឍដូចសព្វថ្ងៃ ។

សូមបញ្ជាក់ថា កម្ពុជា ជាប្រទេសដែលធ្លាប់ទទួល កងកម្លាំងរក្សាសន្តិភាពរបស់ អ.ស.ប នៅឆ្នាំ១៩៩១ ហើយបានក្លាយទៅជាប្រទេស ដែលបានចូលរួមចំណែកក្នុងការបញ្ជូន កងកម្លាំងមួកខៀវ ដែលនេះសរបញ្ជាក់ឲ្យ ឃើញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ដើម្បីចូលរួមចំណែកក្នុងការការពារ សុខសន្តិភាពនិងស្ថេរភាពសកល ៕

To Top