ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ហាមឃាត់ចែកចាយ លក់ ឬទទួលទានស្រាថ្នាំ ៣ប្រភេទ ដែលមានផ្ទុក សារធាតុបង្កើន ផ្លូវភេទបុរស

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានហាមឃាត់ការចែកចាយ លក់ ឬទទួលទានស្រាថ្នាំ ចំនួន៣ប្រភេទ ដែលមានផ្ទុកសារធាតុ SILDENAFIL (សារធាតុបង្កើនផ្លូវភេទបុរស) កម្រិតខ្ពស់ អាចប៉ះពាល់ធ្ងន់ធ្ងរ ដល់សុខភាព របស់អ្នកទទួលទាន។

តាមរយៈសេចក្ដីជូនដំណឹង របស់ក្រសួងសុខាភិបាល នៅថ្ងៃ២៤ កក្កដា បានឲ្យដឹងថា ក្រោយវិភាគគុណភាព នៅមជ្ឈមណ្ឌលជាតិ ពិសោធន៍សុខាភិបាល លទ្ធផលថា ស្រាថ្នាំឈ្មោះ Royal Health Wine EST:2005 ចំណុះ 500ml, Royal Health Wine EST:2005 ចំណុះ 100ml និងស្រាសុខភាព ធម្មជាតិ CHL ចំណុះ 150ml ដែលផលិតដោយ សិប្បកម្មផលិតស្រាថ្នាំ នៃក្រុមហ៊ុនធានឆាវ ជៀវយៀក អ៊ុមផត អិចផត ឯ.ក ស្ថិតនៅភូមិជប់ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង មានផ្ទុកសារធាតុ SILDENAFIL (សារធាតុបង្កើន ផ្លូវភេទបុរស) កម្រិតខ្ពស់ ដែលអាចធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់សុខភាព របស់អ្នកទទួលទាន និងអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត។

បន្ទាប់ពីបានធ្វើការស្រាវជ្រាវ មន្ត្រីជំនាញនៃក្រសួងសុខាភិបាល បានសហការជាមួយអង្គភាព និងអាជ្ញាធរពាក់ព័ន្ធ ចុះធ្វើនិយ័តកម្មនៅទីតាំងចំនួន ២ កន្លែង គឺ ទី១. សិប្បកម្មផលិតស្រាថ្នាំរបស់ក្រុមហ៊ុនធានឆាវជៀវយៀក អ៊ុមផត អិចផត ឯ.ក នៅខេត្តស្វាយរៀង និង ទី២. ទីតាំងលក់ស្រាថ្នាំ ស្ថិតនៅរាជធានីភ្នំពេញ ដោយបានចាត់វិធានការ តាមផ្លូវច្បាប់ ចំពោះជនពាក់ព័ន្ធផងដែរ។

ដើម្បីចៀសវាងគ្រោះថ្នាក់ ដល់សុខភាពអ្នកប្រើប្រាស់ ក្រសួងសុខាភិបាលបញ្ជាក់ថា «សូមអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋទាំង អស់កុំទទួលទានស្រា ទាំង៣ប្រភេទខាងលើ និងសូមបងប្អូនអាជីវករ ឈប់ចែកចាយ ឬលក់ស្រា ទាំងនេះ ។ ទន្ទឹមគ្នានេះដែរ សូមអាជ្ញាធរមានសមត្ថកិច្ច នៅតាមបណ្តារាជធានី-ខេត្ត បន្តសហការណែនាំ អប់រំ ទប់ស្កាត់ការចែកចាយ ឬលក់ស្រាថ្នាំទាំង៣ ប្រភេទខាងលើ ឲ្យបានម៉ឺងម៉ាត់ តាមនីតិវិធីច្បាប់»៕

To Top