ព័ត៌មានជាតិ

លោក កើត ឆែ ៖ ធ្វើជាមេត្រូវមានគុណសម្បត្តិ ៤យ៉ាង ឆន្ទៈម្ចាស់ការ, ភក្តីភាព, មនសិការវិជ្ជាជីវៈ និងវប្បធម៌សាធារណៈ

ភ្នំពេញ ៖ ក្នុងវគ្គបណ្តុះបណ្តាល ស្តីពីការពង្រឹង និងអភិវឌ្ឍសមត្ថភាពដឹកនាំក្នុងអង្គភាព ប្រកបដោយសុខដុមនីយកម្ម នាព្រឹកថ្ងៃទី២៤ កក្កដា លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា ធ្វើជាអ្នកថ្នាក់ដឹកនាំ ជាមេគេ ត្រូវមានសមត្ថភាពក្នុងការគ្រប់គ្រង ដឹកនាំអង្គភាព និងមន្ត្រីជការក្រោមឱវាទ ជាមួយការសម្របសម្រួល ដោះស្រាយគ្រប់បញ្ហា ដោយភ្ជាប់គុណសម្បត្តិ៤យ៉ាង គឺឆន្ទៈម្ចាស់ការ ភក្តីភាព មនសិការវិជ្ជាជីវៈ និងវប្បធម៌សាធារណៈ។

ក្នុងឱកាសនោះ លោក កើត ឆែ បានលើកឡើងថា វគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំនេះ បានធ្វើឡើងចំនួន២ដងរួចមកហើយ លើកទី១ នៅខែកក្កដា ឆ្នាំ២០២២ និងលើកទី២នៅខែសីហា ឆ្នាំ២០២៣។ វគ្គបណ្តុះបណ្តាលនេះ បានផ្តល់ជាទស្សនទាន ដ៏មានអត្ថន័យដែលជួយបណ្តុះស្មារតីទទួលខុសត្រូវ ការរៀបចំផែនការអនុវត្តការងារ និងបានជំរុញលើកទឹកចិត្ត ព្រមទាំងបង្ហាញពីគន្លឹះ ក្នុងការរៀបចំខ្លួនរបស់បុគ្គលិក-មន្ត្រីរាជការម្នាក់ៗឲ្យបំពេញការងារ ទទួលបានលទ្ធផលល្អប្រសើរ ប្រកបដោយគុណតម្លៃ ក្នុងអាជីពការងាររបស់ខ្លួន។

លោក កើត ឆែ បន្តទៀតថា នៅក្នុងស្ថាប័នរដ្ឋក្តី ឬស្ថាប័នឯកជនក្តី តែងតែមាននូវយន្តការគ្រប់គ្រងបុគ្គលិក ដើម្បីធានាបាននូវប្រសិទ្ធភាព គុណភាព និងប្រសិទ្ធផលការងារ។ នៅក្នុងវិស័យរដ្ឋបាលសាធារណៈ ការគ្រប់គ្រងបុគ្គលិក-មន្ត្រីរាជការ គឺត្រូវអនុលោមតាមច្បាប់ និងបទដ្ឋានគតិយុត្តនានាជាធរមាន ក្នុងនោះ ត្រូវអនុវត្តគោលការណ៍ «ឋានានុក្រម» ដែលមានន័យថា បុគ្គលិក-មន្ត្រីរាជការ ត្រូវស្ថិតនៅក្រោមការគ្រប់គ្រង និងទទួលនូវបទបញ្ជា ឬការណែនាំផ្សេងៗ ពីថ្នាក់ដឹកនាំរបស់ខ្លួន ហើយថ្នាក់ដឹកនាំ ត្រូវបែងចែកនូវភារកិច្ច និងការទទួលខុសត្រូវ ជូនបុគ្គលិក-មន្ត្រីរាជការ ក្រោមឱវាទ ទៅតាមសមត្ថភាព ចំណេះដឹង បទពិសោធន៍ និងឧបនិស្ស័យ នៃបុគ្គលិក-មន្ត្រីរាជការនីមួយៗ។

លោកអភិបាលរងក៏បានគូសបញ្ជាក់ថា “ក្នុងនាមថ្នាក់ដឹកនាំ ត្រូវមានសមត្ថភាពក្នុងការគ្រប់គ្រង ដឹកនាំអង្គភាព និងមន្ត្រីជការក្រោមឱវាទ និងត្រូវសម្របសម្រួល ដោះស្រាយនូវគ្រប់បញ្ហាទាំងឡាយដែលកើតមានឡើងប្រចាំថ្ងៃ។ ដើម្បីមានគុណវុឌ្ឍទាំងអស់នេះ ថ្នាក់ដឹកនាំ មិនមែនគ្រាន់តែត្រូវអនុវត្តតាមច្បាប់ ឬបទបញ្ជាផ្ទៃក្នុងរបស់អង្គភាពនោះទេ ប៉ុន្តែថែមទាំងត្រូវស្វែងយល់អំពីចិត្តសាស្ត្រ និងវិធីសាស្ត្រក្នុងការដឹកនាំ និងបង្កើនផលិតភាពការងារដែលសុទ្ធសឹងជា «ជំនាញទន់» ដើម្បីធានាបានថា បុគ្គលិក-មន្ត្រីរាជការទាំងអស់បានយកអស់កម្លាំងកាយចិត្ត ក្នុងការបំពេញការងារ ជាប្រយោជន៍ដល់អង្គភាព និងលុះដោយគុណសម្បត្តិចំនួន៤យ៉ាង នោះគឺ (១) ឆន្ទៈម្ចាស់ការ (២) ភក្តីភាព (៣) មនសិការវិជ្ជាជីវៈ និង(៤) វប្បធម៌សាធារណៈ។ លើសពីនេះទៀត ថ្នាក់ដឹកនាំអង្គភាព ក៏ត្រូវជាអ្នកដែលរៀបចំផែនការការងារបានល្អិតល្អន់ និងចេះបែងចែកការងារជូនមន្ត្រីរាជការក្រោមឱវាទ ក៏ដូចជាមានយន្តការតាមដានការងារការលើកទឹកចិត្ត កែលម្អ សម្របសម្រួលរកវិធីទប់ស្កាត់ និងដោះស្រាយនូវរាល់បញ្ហានៅទីកន្លែងបំពេញការងារ ដើម្បីធានាបាននូវភាពសុខដុមនីយកម្ម ក្នុងទីកន្លែងបំពេញការងារ”។

លោកកើត ឆែ បញ្ជាក់ថា “ដើម្បីក្លាយជាមេដឹកនាំ ឬ«មេគេ» យើងត្រូវមានគុណសម្បត្តិ យ៉ាងហោចណាស់៣ គឺ១- សមត្ថភាព (ទទួលបានការ បណ្តុះបណ្តាល និងមានចំណេះដឹង ក្នុងការស្វែងយល់អំពីការងារ និងមានភាពឈ្លាសវៃ, គំនិតផ្តួចផ្តើម និង នវានុវត្ត ដើម្បីសម្រេចការងារមួយ ប្រកបដោយគុណភាព និងប្រសិទ្ធផលខ្ពស់)។ ២- បទពិសោធន៍ការងារ (ធ្លាប់ឆ្លងកាត់ នូវបទពិសោធន៍ការងារទាំងល្អ ទាំងមិនល្អដែលបទ ពិសោធន៍ទាំងនេះ គឺជាទុន ដើម្បីបំពេញការងារទៅថ្ងៃមុខ) និង៣- សុខភាពល្អ (ត្រូវថែរក្សាសុខភាព, មានរបបហាត់ប្រាណទៀងទាត់ ដើម្បីឲ្យមានភាពរហ័សរហួន ការបំពេញការងារបានល្អ)” ៕

To Top